បីនាក់​ត្រូវ​គោ​វ័ធ នៅ​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញ នៅ​អេ​ស្ប៉ា​ញ​

361

ជនជាតិ​អាមេរិក ២ នាក់ និង​អេ​ស្ប៉ា​ញ​ម្នាក់ បាន​ត្រូវ​គោ​វ័ធ កាលពី​ថ្ងៃ​សុក្រ ទី៧ កក្កដា អំឡុង​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញ ហៅថា សាន់​ហ្វេ​មីន ជុំទីមួយ​ក្នុងឆ្នាំនេះ​។ នេះ​បើតាម​មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​ផាម​ផ្លូ​ណា នៃ​អេ​ស្ប៉ា​ញ​ភាគ​ខាងជើង ។

បុរស​អេ​ស្ប៉ា​ញ​អាយុ ៤៦ ឆ្នាំ បានទទួល​ការវះកាត់​របួសធ្ងន់​ធ្ង​រ នៅ​ក្បាល និង​ជើង​របស់គាត់ បន្ទាប់ពី​ត្រូវ​គោ​វ័ធ បន្ទាប់មក​គ្រវែង​ចោល​។​

មន្ត្រី​មន្ទីរពេទ្យ​និយាយថា បុរស​ពីរ​នាក់​មកពី​អាមេរិក ត្រូវបាន​គោ​វ័ធ​ផងដែរ អំឡុង​ពិធីបុណ្យ​នេះ ប៉ុន្តែ​របួស​ពួកគេ​មិន​ធ្ងន់ធ្ងរ​ទេ ដោយ​ម្នាក់​អាយុ ៣៥ ឆ្នាំ​របួស​ក្បាលពោះ និង ម្នាក់ទៀត​អាយុ ២៩ ឆ្នាំ​រងរបួស​ស្រាល​ត្រង់​ពងស្វាស​។

អ្នកនាំពាក្យ​កាកបាតក្រហម​និយាយថា អ្នករត់​ប្រណាំង​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង​សម្រាប់​របួស​ហើម​ជាំ ខណៈ​គោ​ពីរ​ក្បាល​ត្រូវបាន​បំបែក​ចេញពី​ហ្វូងគោ​បួន​ក្បាល នៅតាម​ផ្លូវ​របស់​វា​ឆ្ពោះទៅ​ទីលាន​រត់ប្រណាំង​នៅ​ទីក្រុង​ផាម​ផ្លូ​ណា​។

ពួក​អ្នករត់​ប្រណាំង​បាន​ប្រកួតប្រជែង​គ្នា​រត់ប្រណាំង​តាមផ្លូវ​តូច​ប្រវែង ៨៥០ ម៉ែត្រ ក្នុង​រយៈពេល​ក្រោម ៣ នាទី ដែលជា​ល្បឿន​មួយ គេ​ចាត់ទុកជា​ល្បឿន​មធ្យម​សម្រាប់​ការរត់​ប្រណាំង​។

​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញ​ដែលមាន​រយៈពេល ៩ ថ្ងៃនេះ​ធ្វើឡើង​តាមផ្លូវ​ចង្អៀត​របស់​ទីក្រុង​ផាម​ផ្លូ​ណា​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៨៥ ហើយ​វា​បាន​វ័ធ​មនុស្ស​ចំនួន ៥៣ នាក់​មកហើយ​៕ ​ដោយ ៖កញ្ញាដាលីស

មនុស្ស​បីនាក់​ត្រូវ​គោ​វ័ធ​របួស​កាលពី​ថ្ងៃ​សុក្រ