បី​ខែៈ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ ៤៨០​នាក់ ,ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​

1101
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
​សិ​ស្សានិ​សិស្ស មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ចូលរួម​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១១

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​បញ្ជាក់ថា រយៈ​ពេល​បី​ខែ ដើមឆ្នាំ​២០១៨​នេះ មាន​ជនរង​គ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​សរុប​ចំនួន​៤៨០​នាក់ និង​របួស ១.២៣៤​នាក់​។​បើ​ប្រៀប ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ មាន​ការ​​ថយចុះ ចំនួន​១៧០​លើក ស្មើនឹង ១៧​ភាគរយ ,​ចំនួន​អ្នកស្លាប់​ថយចុះ​១២​នាក់ ស្មើនឹង​២​ភាគរយ និង​ចំនួន​របួស​ថយចុះ ២៤៣ នាក់ ស្មើនឹង ១៦ ភាគរយ​។

​ប៉ុន្តែ​អ្វី​ជាការ​ល​កត់សម្គាល់​នោះ​សម្តេច​បាន​បញ្ជាក់ថា “​ក្នុងចំណោម​អ្នកស្លាប់​ចំនួន​៤៨០​នាក់ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ ចំនួន​៣៦០​នាក់ ស្មើនឹង ៧៥ ភាគរយ (​ប្រភេទ​១២៥ សេ​សេ​ចុះក្រោម​) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ២៦៣​នាក់ ស្មើនឹង​៧៣​ភាគរយ​”​។​

​ការ​ថ្លែង​នេះបានធ្វើ​ឡើងនៅក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​លើក​ទី​១១​កាលពី​រសៀល ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយមាន​ការ​ចូល​រួម​ពី​មន្ត្រី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណ​ជាង ១.០០០ នាក់ ។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា ការប្រារឰ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរ​លើក​ទី​១១ នៅពេលនេះ គឺជា​ការ​ក្រើនរំលឹក​ដាស់តឿន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ដ​គ្រប់​ប្រភេទ ត្រូវខិតខំ​លើកកម្ពស់​ការគោរព​ច្បាប់​នានា របស់​ប្រទេស ជាពិសេស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​និង​សេចក្តីសុខ​ក្នុង​គ្រួសារ​កុំ​ឲ្យ​បែកបាក់​ព្រាត់​និរាស​សមាជិកគ្រួសារ​យ៉ាង​តក់ក្រហល់ និង​ការខាតបង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ដោយសារតែ​គ្រោះថ្នាក់​ចរាចរ ព្រមទាំង​រក្សា​ឲ្យ​បាន​នៅ​សណ្តាប់ធ្នាប់​ចរាចរ​។​

​សម្តេច​ក្រឡាហោម បាន​បន្តទៀតថា ដើម្បី​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​និង​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក សូម​អំពាវនាវ​ដោយផ្ទាល់​ដល់​អ្នកប្រើប្រាស់ និង​អ្នកធ្វើដំណើរ​តាម​ផ្លួ​វ​ថ្នល់ សូម​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​”​។​

​ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចក្រឡាហោមបានចេញ​លិខិត កាល​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ ដោយ​អំពាវនាវ ចំនួន ១១ ចំណុច ដល់​សាធារណជន ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ដូចខាងក្រោម​៖
១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ តាម​ទោចក្រយានយន្ត​។ ២- មិនត្រូវ​បើកបរ លើស​ល្បឿន​កំណត់ ជាដាច់ខាត​។ ៣-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៤-​ត្រូវគោរព​សិទ្ធិ​អាទិ​ភាព គោរព​សញ្ញា​ចរាចរ និង​ប្រកាន់​ស្តាំ​ជានិច្ច​។ ៥-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។ ៦-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង​។ ៧-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។ ៨-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមកុំ​ឲ្យ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ៩-​មិនត្រូវ​បើកបរ ក្នុង​ស្ថាន​ភាព​ងងុយដេក​ជាដាច់ខាត​។ ១០-​ត្រូវ​បើកបរ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគ​យល់​អធ្យាស្រ័យ និង​១១-​ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរ កើតឡើង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប មេត្តា​អត់ធ្មត់ ខន្តី អធ្យាស្រ័យ ជៀសវាង​ការប្រើ​អំពើហិង្សា ហើយ​ទាក់ទង​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត មក​ដោះស្រាយ​តាមច្បាប់​ជា​ធរមាន​៕មន