បី​ខែ​ជា​ពេល​សំខាន់​ស្លាប់​រស់​សំរាប់​ចិន​និង​អាមេរិក​,​ហេតុ​អី​ត្រូវមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​?

380

កាលពីថ្ងៃ០១ធ្នូ ប្រធានាធិបតីចិន ស៊ី ជីនពីងបានជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអាហ្សង់ទីន។យោងតាមសន្និសីទកាសែតក្រោយមក ភាគីទាំងពីរបានព្រមព្រៀងបញ្ឈប់ការវាយពន្ធសងសឹកគ្នា និងបង្កើនកិច្ចខិតខំលើការចរចាដើម្បីសំរេចអោយបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងរយៈពេល៩០ថ្ងៃ ដើម្បីបញ្ចៀសការយកពន្ធបន្ថែមលើទំនិញផងគ្នា។

បើការចរចាមិនអាចសំរេចបានកិច្ចព្រមព្រៀងនៅក្នុងអំឡុងពេលផ្អាកសង្គ្រាមពាណិជ្ជកម្មនេះទេ​ អាមេរិកមុខជាបង្កើនការប្រឈមមុខខាងពាណិជ្ជកម្មជាមួយចិនខ្លាំងឡើង។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានចាប់ហ្រ្វាំងលើជម្លោះពាណិជ្ជកម្មដោយសំរេចផ្អាកការបន្ថែមជម្លោះមួយ ហើយទុកពេលប្រឹក្សាយោបល់គ្នា ។ទាំងនេះជាលទ្ធផលវិជ្ជមានដែលបានចាប់ផ្តើម។ក្រុមពាណិជ្ជកម្មនៃប្រទេសទាំងពីរឥឡូវនឹងចរចានូវអ្វីដែលជាការពិភាក្សាដ៏ស្មុគស្មាញនិងតានតឹងនៅ៣ខែទៅមុខ។

ហេតុអ្វីចិននិងអាមេរិកត្រូវបានការផ្អាកសង្រ្គាមនេះ?ហេតុផលសំខាន់គឺថា ភាគីទាំងពីរសុទ្ធតែបង់នូវតំលៃសំរាប់សង្រ្គាមពាណិជ្ជកម្មរបស់គេចំណាស់៨ខែមកនេះ។នៅពេលជម្លោះពាណិជ្ជកម្មនេះបានកើនឡើងកាលពីខែមីនា ភាគីអាមេរិកជឿថាខ្លួនងាយនឹងឈ្នះណាស់នៅក្នុងសមរភូមិនេះ។តែក្រោយមក៨ខែវាបង្ហាញថាមិនមាននរម្នាក់ជាអ្នកឈ្នះ ភាគីទាំងពីរចាញ់ដូចគ្នា។អាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន៧៧,២ពាន់លានដុល្លារកាលពីខែតុលាតែមួយ ជាបរិមាណខ្ពស់បំផុតមិនដែលមានសំរាប់អាមេរិក។

ក្រុមហ៊ុនផលិតរថយន្ត General Motorsបានប្រកាសកាលពីខែវិច្ឆិកាថា ខ្លួននឹងបិទរោងចក្រចំនួន៧នៅជុំវិញពិភពលោក រួមមានរោងចក្រ៤នៅអាមេរិកតែអត់មាននៅចិនទេ ជាហេតុនាំអោយរដ្ឋាភិបាលអាមេរិករងសម្ពាធជាខ្លាំង។

ក្នុងពេលជាមួយគ្នា ការវិនិយោគផ្ទាល់ហូរចូលអាមេរិកនៅត្រីមាសទី២នៃឆ្នាំ២០១៨ ធ្លាក់ចុះជាលើកដំបូងចាប់ពីឆ្នាំ២០១៥។

ច្បាស់ណាស់ សង្រ្គាមពាណិជ្ជកម្មមិនបានជួយអាមេរិកអោយធ្លាក់ចុះឱនភាពពាណិជ្ជកម្មទេ និងក៏មិនបានបង្កើនការងារឬលំហូរទុនវិនិយោគចូលអាមេរិកដែរ។ផ្ទុយទៅវិញ សង្រ្គាមពាណិជ្ជកម្មនាំអោយសេដ្ឋកិច្ចអាមេរិកជួបហានិភ័យខ្លាំងឡើង បើដូច្នេះ តើគួរបន្តសង្រ្គាមនេះតទៅទៀតឬ?

វាជាជំរើសវៃឆ្លាតមួយដែលមេដឹកនាំទាំងពីរសំរេចផ្អាកសង្រ្គាម តែរយៈពេល៣ខែនឹងជាពេលដ៏សំខាន់ណាស់ ដោយក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មត្រូវអនុវត្តការស្រុះស្រួលមតិគ្នាក្នុងកិច្ចប្រជុំថ្ងៃ០១ធ្នូ ដើម្បីសំរេចបានកិច្ចព្រមព្រៀង។

ការសំរេចបានកិច្ចព្រមព្រៀងមួយវាល្អទាំងចិននិងអាមេរិក បើមិនដូច្នេះទេជម្លោះពាណិជ្ជកម្មជុំថ្មីមួយនឹងនាំមកភាពមិនប្រាកដប្រជាដល់ប្រទេសទាំងពីរ និងជះផលប៉ះពាល់ដល់ផ្នែកផ្សេងៗនៃពិភពលោក៕ដោយ៖វាសនា

ដកស្រង់ពីសារព័ត៌មានcgtn