បី​ថ្ងៃ​ខេត្តព្រះវិហារ​ទទួលភ្ញៀវ​ទេសចរណ៍​ជាង​២​ម៉ឺន​នាក់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​

416

​(​ព្រះវិហារ​)៖​រយ​:​ពេល​បី​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​គិតពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៧​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​បាន​ចូលមក​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ​មាន​ចំនួន​២៧.០០៣​នាក់​។​

​មន្ត្រីនគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៧​ថា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺ​ពលរដ្ឋ​ក្រៅពី​ទៅ​វត្ត​អារាម​នានា​ហើយ​ពូក​គាត់​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមគ្រួសារ​និង​ទៅ​កម្សាន្ត​សប្បាយ​នៅតាម​រមណី​ដ្ឋា​ន​នានា​និង​តាម​តំបន់​សេវា​សហគមន៍​ផ្សេងៗ​ឯទៀត​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​
​ ​
មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា​ក្នុង​រយ​:​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៧​ខេត្តព្រះវិហារ​បានទទួល​ភ្ញៀវទេសចរ​សរុប​ចំនួន​២៧.០០៣​នាក់​។​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​២៦.៦៤២​នាក់​កើនឡើង​ចំនួន​២.៦៥​ភាគរយ​និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៣៦១​នាក់​កើនឡើង​១៣.១៦​ភាគរយ​បើ​ប្រៀបធៀប​ទៅក្នុង​ឆ្នាំ​២០១៦​។

​ប្រភព​បាន​បន្តថា​ភ្ញៀវទេសចរ​ណ៏​ទាំងនោះ​ច្រើន​ទៅ​ទស្សនា​កម្សាន្ត​តាម​តំបន់រ​មន​ណី​យ​ដ្ឋា​ន​ធំៗ​រួមមាន​រមណី​ដ្ឋា​ន​ប្រាសាទព្រះវិហារ​,​រមណីយដ្ឋាន​ប្រាសាទ​ព្រះ​ខណ្ឌ​,​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​,​រួមទាំង​ទឹកធ្លាក់​ព្រះ​និម្មិត​,​ជាប់​ព្រំដែន​ប្រទេស​ឡាវ​,​ទឹកធ្លាក់​បុ​ស្បូវ​រួមទាំង​ទឹកធ្លាក់​ភ្នំ​ត្បែងមានជ័យ​,​និង​តាម​គោលដៅ​សហគម​ន៏​នានា​ដែលមាន​សេវាកម្ម​ល្អ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ខេត្តព្រះវិហារ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ឆ្នាំ​២០១៧​នេះ​គឺ​ដោយសារតែ​ប្រទេស​យើង​មាន​សុខសន្តិភាព​។​ដែល​សុខសន្តិភាព​នេះហើយ​បាន​ផ្តល់ជូន​ប្រជាជន​ខ្មែរ​គ្រប់​រូ​ម​នូវ​សេចក្តីសុខ​សប្បាយរីករាយ​គ្រប់​ក្រុមគ្រួសារ​មានឱកាស​ធ្វើបុណ្យ​ទាន​និង​ដើរ​កម្សាន្ដ​ដោយ​សេរី​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​បី​ថ្ងៃ​ខេត្តព្រះវិហារ​ទទួលភ្ញៀវ​ទេសចរណ៍​ជាង​២​ម៉ឺន​នាក់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​