បី​ភាគី​រួមគ្នា​ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន​ក្នុងការ​រាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​

1097
ចែករម្លែក
  • 6
    Shares

ដោយ​: សុផល / ភ្នំពេញ​: ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការនារី ក្លិប​អ្នកកាសែត​កម្ពុជា និង​អង្គការ អ៊ែ​កសិន​អេ​ដ​(ActionAid) បានរួម​គ្នា​រៀបចំ​សិក្ខាសាលា​ស្តីពី «​ការពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​» នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​សិក្ខាសាលា​បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​ចូលរួម​ពី​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ហុង រស្មី ប្រធាន​កម្មវិធី​នៃ​អង្គការ ActionAid Cambodia លោកស្រី ចាន់ សុធាវី អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការនារី និង​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​។ អ្នកកាសែត​ចំនួន​៤០​នាក់ មកពី​អង្គភាព​ផ្សេងគ្នា ត្រូវបាន​អញ្ជើញ​ចូលរួម​សិក្សា​នៅក្នុង​សិក្ខាសាលា​នេះ​។​

​សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​មានបំណង​៖​ពង្រឹងសមត្ថភាព​អ្នកសារព័ត៌មាន​ក្នុងការ រាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​,​ចែករំលែក​បទពិសោធ​ន៍​និង​ពិ​ភា ក្សា​អំពី​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​និង​ពិភាក្សា​អំពី​ការបង្កើត​គោលការណ៍​ណែនាំ​សម្អិត​សម្រាប់​ការរាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​។​

​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន បាន​មានប្រសាសន៍ថា ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ត្រូវបាន​ចុះហត្ថលេខា​ប្រកាស​ឲ្យ​អនុវត្ត​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី​។ ក្រម​ប្រតិបត្តិ​នេះ មាន​១៥​ប្រការ និង​មាន​គោលបំណង​ទប់ស្កាត់​ការយក​ករណី​ហិង្សា​លើ​ស្ដ្រី ធ្វើជា​ព័ត៌មាន​កំសាន្ត​សប្បាយ និង​ដើម្បី​កែប្រែ​ឥរិយាបទ​សង្គម​ក្នុងការ​លុបបំបាត់​អំពើហិង្សា​លើ​ស្ដ្រី​។​

​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​បញ្ជាក់ថា ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ជា​ពន្លឺ​ក្នុងការ​ដាស់តឿន​ស្មារតី ដល់​អ្នកកាសែត​ឱ្យ​គោរព​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ មិនមែន​ធ្វើឡើង​ក្នុងការ​បន្តុះបង្អាប់​នោះទេ​។

​ជាមួយគ្នានេះ អ្នកស្រី ប៉ែន គ​ន្ធា អនុប្រធាននាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​កិច្ចការនារី បានឱ្យ ដឹង​ដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​។ អ្នកស្រី​បាន​បន្ថែមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ឥទ្ធិពល​វិជ្ជមាន​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ ប្រសិនបើ​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។ ហេតុដូច្នេះ ដើម្បី​ឲ្យ​ក្រម​ប្រតិបត្តិ​មាន​ប្រសិទ្ធភាព ទាមទារ​ឲ្យ​មានការ​សហការ​ខ្ពស់​ពី​អ្នកសារព័ត៌មាន ដោយហេតុថា វា​មិនមែនជា​ច្បាប់​ក្នុង​ការដាក់ទោសទណ្ឌ​នោះទេ​៕ ល​

#