បឹងកេត ហាលអាវ ក្រោយ​បន្ដ​ចាញ់ Ceres Negros ០​ទល់​៤

697

​ដោយ​:​រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ជំនួប​ជើង​ទី​២ រវាង​ក្រុម​បឹងកេត របស់​កម្ពុជា ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន បានបញ្ចប់​ហើយ នា​យប់​ថ្ងៃទី​១១ មេសា ដោយ​ជ័យជម្នះ បាន​ទៅ​ក្រុម​ភ្ញៀវ​ហ្វីលីពីន ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ ដោយ​លទ្ធផល ៤-០ នៅក្នុងការប្រកួត​ជម្រុះ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នៅលើ​ទីលាន ពហុ​កីឡដ្ឋានជាតិ ។​

​ការបរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​ជើងឯក លី​គ​កំពូល​កម្ពុជា បឹងកេត ហាលអាវ ជា​ផ្លូវការ​ហើយ ទោះបី​សល់​មួយ​ប្រកួត ក្នុង​ដៃ​ក៏ដោយ​។ ការប្រកួត​ដ៏​សំខាន់​នេះ ក្រុម Ceres Negros គ្រប់គ្រង​បាល់ បានល្អ និង​ដាក់​សម្ពាធ លើ​ក្រុម​បឹងកេត ក្នុងនោះ តង់​ទី​១ ពួកគេ​បាន​ស៊ុត បំប៉ោង​សំណាញ់​ទី ក្រុម​ម្ចាស់ផ្ទះ ២ គ្រាប់ ដែល​ធ្វើ​សម្រេច ដោយ​កីឡាករ Maraa ON នៅ​នាទី​៣៦ និង​នាទី​៣៧ មុននឹង​ក្រុម​ជើង​ខ្លាំង របស់​ហ្វី​លី​ពីនេះ បន្ថែម ២ គ្រាប់​ទៀត នៅ​តង់​ទី​២ ដែល​រកបាន ដោយ​កីឡាករ Maraa ON នៅ​នាទី​៧៣ ហើយក៏​ជា​គ្រាប់​ទី​៣ (Hart Trick) ក្នុងការ​ប្រកួត​នេះ និង ១ គ្រាប់​ទៀត ធ្វើ​សម្រេច ដោយ​កីឡាករ Uesato នៅ​នាទី​៨៤ ។​

​រីឯ​ក្រុម​បឹងកេត បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ ទោះបី​មានឱកាស​ម្ដងម្កាល តែ​ធ្វើ​មិនបានសម្រេច ។ ក្រោយ​បញ្ចប់​ការប្រកួត​នេះ សរុប​លទ្ធផល​ជួបគ្នា ២ ជើង បឹងកេត ចាញ់ Ceres Negros ០​ទល់​១៣ (​ជើង​ទី​១ ចាញ់​ក្រៅ​ដី ០​ទល់​៩) ដែល​នាំ​ឲ្យ​បឹងកេត នៅតែ​បន្ដ​ឈរ​បាត​តារាង និង​រក្សា ៣ ពិន្ទុ​ដដែល ជាមួយ​លទ្ធផល ៥ ប្រកួត ឈ្នះ​១ និង​ចាញ់ ៤ ផ្ទុយ​ពី​ក្រុម Ceres Negros ពួកគេ​នៅតែ​បន្ដ​ឈរ កំពូល​តារាង និង​មានឱកាស​កាន់តែ​ខ្ពស់ ក្នុងការ​ស្វែងរក​កៅអី​វគ្គ​បន្ដ នៃ​ពាន​កម្រិត​ទី​២ ប្រចាំ​ទ្វីបអាស៊ី មួយ​នេះ បន្ទាប់ពី​ឆ្លងកាត់ ៥ ប្រកួត ឈ្នះ​៤ និង​ស្មើ​១ មិនទាន់​ស្គាល់ ពាក្យ​ចាញ់​នៅឡើយ ។

​គ្រូបង្វឹក ក្រុម Ceres Negros លោក Risto Vidakovic បាន​ថ្លែង ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការប្រកួត​ថា កូនក្រុម​របស់លោក ធ្វើ​បានល្អ និង​គ្រប់គ្រង​ទីលាន តាំងពី​ចាប់ផ្ដើម រហូតដល់​ចប់​ការប្រកួត និង​ទទួល​ជ័យជម្នះ បានល្អ ។​

លោក​បាន​បន្ដថា ក្រុម​របស់លោក ត្រូវ​ឆ្លងកាត់​ការប្រកួត ដ៏​សំខាន់​មួយទៀត គឺ​ជំនួប​ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី នា​ថ្ងៃទី​២៥ ខែមេសា ខាងមុខ ដែលជា​ការប្រកួត ដណ្ដើម​កៅអី កំពូល​តារាង​ពូ​ល F និង​កៅអី​វគ្គ​បន្ដ នៃ​ពាន​កម្រិត​ទី​២ ប្រចាំ​ទ្វីបអាស៊ី​នេះ ។ បច្ចុប្បន្ន​ក្រុម Ceres Negros កំពុងកាន់ ១៣ ពិន្ទុ ឈរ​កំពូល​តារាង ខណៈ​ក្រុម Home United ឈរ​លេខ​២ មាន ១០ ពិន្ទុ ហេតុនេះ ប្រកួត​ចុងក្រោយ Ceres Negros ត្រូវការ​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះ នឹង​ទទួលបាន​កៅអី​វគ្គ​បន្ដ៕V

​ទិដ្ឋភាពនៃការប្រកួត​