បឹង​ធម្មជាតិ​វាល​រំពេ​អាចជា​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​

506

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​បើសិនជា​ដូច​ការគ្រោងទុក​មែន​នោះ​ខេត្តស្ទឹងត្រែង​នឹង​ទទួលបាន​នូវ​សក្តានុពល​រមណីយដ្ឋាន​ទេសចរណ៍​បង្កើត​ថ្មី​មួយ​ពុំ​ធ្លាប់មាន​ពីមុនមក​កាន់តែ​មា​នភា​ព​ទាក់ទាញ​។​ទីតាំង​ថ្មី​នោះគេ​អាច​លំហែកាយ​សម្រាក​កម្សាន្ត​តាមបែប​ទេសចរ​ធម្មជាតិ​លើ​ភូមិ​ជនជាតិដើម​ភាគតិច​ព្រៅ​ស្ថិត​ក្នុងភូមិ​កាតូត​ឃុំ​កំ​ភុ​ន​ស្រុក​សេ​សាន​។​

​បើ​និយាយ​ឱ្យ​ឆាប់​ស្គាល់​គឺថា​ភូមិ​កាតូត​ជា​ភូមិ​មួយ​នៅជាប់​នឹង​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ស្ទឹងត្រែង​-​រតនគិរី​។​យើង​អាចធ្វើ​ដំណើរ​ពី​អូរ​ពងមាន់​ក្រុង​ស្ទឹងត្រែង​មិន​ដល់​ចម្ងាយ​៥​គីឡូម៉ែត្រ​ផ្លូវ​ទៅ​ខេត្ត​រត​គិរី​គេ​ឃើញ​បឹង​មួយ​ដ៏​ធំ​នៅ​ខាងឆ្វេង​ដៃ​លាយឡំ​ជាមួយ​ធម្មជាតិ​ស្រស់ស្អាត​ទឹកថ្លា​ឈ្វេង​មានផ្ទះ​នៅក្បែរៗ​គ្នា​តែ​មិន​ច្រើន​ទេ​គឺជា​ផ្ទះ​បងប្អូន​ជនជាតិភាគតិច​ព្រៅ​។​
​ ​
​តាម​ការ​ឱ្យដឹងពី​មន្ត្រី​សាលាស្រុក​សេសា​ន​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​បឹង​វាល​រំពេ​មាន​ពីរ​គឺ​វាល​រំពេ​តូច​និង​រំពេ​ធំ​។​បឹង​ធម្មជាតិ​វាល​រំពេ​តូច​មាន​ទំហំ​ផ្ទៃដី​ប្រហែល​ជាង​២១​ហិកតា​គ្រប់​ដណ្តប់​ដោយ​ព្រៃឈើ​ក្រាស់ៗ​កាលពីមុន​។​តែ​ឥឡូវនេះ​ប្រែ​ទៅជា​ដីចម្ការ​ដំណាំ​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​។​រីឯ​បឹង​វាល​រំពេ​ធំ មាន​ទំហំ​ផ្ទៃដី​ប្រហែល​ជាង​៧៧​ហិកតា ស្ថិតនៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​។​
​ ​
​កាលពីពេល​ថ្មីៗ​នេះ​ក្រុមការងារ​សាលាស្រុក​សេសា​ន​និង​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​ចុះទៅ​មើល​ជាក់ស្តែង​បឹង​វាល​រំពេ​តូច​-​ធំ​និង​ទំនប់​ទឹកអូរ​ពួក​ឃុំ​កំ​ភុ​ន​។​មន្ត្រី​បង្កើត​ក្តី​ស្រ​ម៉ៃ​នៅ​ថ្ងៃ​ណាមួយ​នឹង​គ្រោង​បង្កើត​តំបន់​នោះ ឱ្យក្លាយ​ទៅជារ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច​។ តែ​វា​លំបាក​បន្តិច​ដោយសារ​ផ្ទៃ​បឹង​ទាំងពីរ​ព័ទ្ធជុំវិញ​ដោយ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​និង​មួយចំនួនធំ​គឺជា​ដី​ក្រុមហ៊ុន សប្បទាន​សេដ្ឋកិច្ច​។​

​ប្រភព​ខាងលើ​បាន​បង្ហើប​ឱ្យដឹងថា​បើសិនជា​គេ​បង្កើត​នឹងមាន​គម្រោង​សង់​ខ្ទម​បែប​ជនជាតិភាគតិច​។​រៀបចំ​កន្លែង​អង្គុយ​កម្សាន្ត​តាមបែប​វប្បធម៌​ជនជាតិ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ដល់​ភ្ញៀវ​ឆ្លងកាត់​ពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ខេត្ត​រត​គិរី​។​ជាមួយ​គម្រោង​នោះ​ក៏​នឹងមាន​បង្កើត​រមណីយដ្ឋាន​លក់​ម្ហូបអាហារ​ជូន​ភ្ញៀវ​ផងដែរ​។​មិនតែប៉ុណ្ណោះ​ថែមទាំង​ភ្ញៀវ​អាច​ផ្តិតរូប​សែ​ល​ហ្វី​ទុកជា​អនុស្សាវរីយ​បាន​ដោយ​ក្តី​រីករាយ​។​អ្នក​រៀប​អាពាហ៍ពិពាហ៍​ក៏​អាច​ទៅ​ថត​នៅ​ទីនោះ​បានដែរ​។​

​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ជំនាញ​កំពុង​សិក្សា​ពី​សក្តានុពល​ដើម្បី​រៀបចំ​ជា​រមណីយដ្ឋាន​ទេសចរណ៍​។​លោ​កថា​ដើម្បី​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​បាន​យើង​ត្រូវធ្វើ​ផែនការ​មួយ​ច្បាស់លាស់​ជា​ប្លង់គោល​មុន​សិន​។​រួច​បន្ត​ស្វែងរក​ដៃគូ​មក​អភិវឌ្ឍន៍​រមណីយដ្ឋាន បំ​លែង​តំបន់​ទំនប់​ពួក​បឹង​វាល​រំពេ​ទៅជា​រមណីយដ្ឋាន​បែប​កែច្នៃ​វប្បធម៌​ជនជាតិដើម​ភាគតិច​ទាក់ទាញ​ការចាប់អារម្មណ៍​។​

​គេ​រំពឹងថា​គម្រោង​ចុះ​សិក្សា​នឹង​បានកំណត់​គោលដៅ​សម្រេច​ដោយ​ជោគជ័យ​បង្កើតជា​ភូមិ​ជនជាតិដើម​ភាគតិច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​។​ហើយ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​នឹង​ទទួលបាន​ប្រាក់ចំណូល​បង្កើន​ជីវភាព មួយកម្រិត តាមរយះ​សេវាកម្ម​ទេសចរ​នេះ​៕S/