បឹង​ព្រែក​ទប់ប្រភពទឹក​ស្អាត មិនអាច​កា​ពារ​បានទេពេលនេះ, រាប់រយ​ហិកតា មក​សល់​ត្រឹមតែជាង​បួន​ហិកតា​ប៉ុណ្ណោះ​

1042
ចែករម្លែក

ដោយ : វណ្ណៈ/​ព្រះសីហនុ​ ៖ បឹង​ធម្មជាតិ​ព្រែក​ទប់​ប្រភព​ទឹកស្អាត មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​បឹង​ប្រវត្តិសាស្ត្រ សម្រាប់​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ ពេលនេះ​បាន​នឹង​កំពុង​រង​ការចាក់ដី រំលោភ​យក​ទាំង​កម្រោល ពី​សំណាក់​អ្នកធំ​មានអំណាច យ៉ាងគំហុក​។​

​ផ្ទៃ​បឹង​រួម​តូច​ទៅៗ​អាច​នឹង​ក្លាយទៅជា​ថ្លុក ដោយសារ​ការរំលោភ​ចាក់ដី​ទន្ទ្រាន​យក​ដី​ផ្ទៃ​បឹង​ជា​បន្តបន្ទាប់ ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​មានកា​ព្រួយបារម្ភ​ពី​ការបាត់បង់​នូវ​បឹង​ធម្មជាតិ​នេះ​យ៉ាង​រហ័ស​បំផុត​។​

​លើ​ដង​វិថី​២​ធ្នូ នៅ​ចំណុច​ស្ពាន​បង្ហៀរ​ទឹកសាប​បឹង​ព្រែក​ទប់ មាន​ឡាន​ដឹក​ទឹក​ចេញចូល​ឈប់​បូមទឹក​យ៉ាង​មមាញឹក នា​រសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ ។ លោក វីរៈ និង​លោក ភារ​ម្យ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​២ និង​ជា​អ្នករកស៊ី​ដឹក​ទឹក​លក់​និយាយប្រាប់​បណ្តាញ​ព័ត៌មាន ថា ពួកគាត់​មានការ​ព្រួយបារម្ភ​ណាស់​ព្រោះ គាត់​ឃើញ​ផ្ទៃ​បឹង​ព្រែក​ទប់​ត្រូវបាន​គេ​រំលោភ​ចាក់ដី​ទន្ទាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិឯកជន​ជា​បន្ដបន្ទាប់ ធ្វើ​ឲ្យ​ផ្ទៃ​បឹង​រួម​តូច​ទៅៗ ដែល​កន្លងមក​បឹង​ធម្មជាតិ​មួយ​នេះ បានផ្ដល់​ទេសភាព​លម្អ​ទីក្រុង​ព្រះសីហនុ និង​ផ្ដល់​ទឹកសាប​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​តាំងពី​យូរយា​ណាស់​មកហើយ​។

​ពួកគាត់​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មេ​ត្ដា​ពិចារណា​ពី​បញ្ហា​ខាងលើនេះ បើ​លុប​បឹង​នេះ​អស់​ទៅ​ពួកគាត់​មិនដឹង​ទៅយក​ទឹក​ឯណា​មកប្រើប្រាស់​ទេ​ ។

​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា បានលើកឡើង​អំពី​កង្វល់​ស្រដៀង​ទៅនឹង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ព្រះសីហនុ​នេះដែរ​ទាក់ទង​ទៅនឹង​រឿង​ចាកដី​លុប​បឹង​ព្រែក​ទប់​នេះ​។ ហើយ​គាត់ ក៍បាន​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មេ​ត្ដា​ថែរក្សា​បឹង​ធម្មជាតិ​ទឹកសាប​នេះ​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផង​។ ​ព្រោះ​បច្ចុប្បន្ននេះ​កំណើន​នៃ​ការវិនិយោគ និង​មនុស្ស​ចូលមក​ខេត្ដ​ព្រះសីហនុ ហក់​ឡើង​ខ្លាំង ដែល​ទាមទារ​តម្រូវការ​ប្រើប្រាស់​ទឹក​ក៍​ច្រើន​តាម​នោះដែរ​។​

​ទាក់ទង​ទៅនឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ខាងលើ ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ផ្ទៃ​បឹង​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កែសម្រួល​ផ្ទៃ​បឹង​ហើយ លោក​នឹង​ប្រាប់​បញ្ជាក់បន្ថែម​នៅពេល​ក្រោយ​។​

​គួរ​រំឭក​ផងដែរ​ថា បឹង​ព្រែក​ទប់​កាលពី​ដើមឡើយ​មាន​ផ្ទៃ​បឹង​ធំ​ទូលាយ​រហូតដល់​រាប់រយ​ហិកតា បន្ទាប់មក​ក៏ត្រូវបាន​ធ្លាក់​រួម​តូច​ទៅៗ នៅ​សម័យកាល​លោក ស្បោង សារ៉ាត់ ដែល​អតីត​ជា​ភិ​បាល​ខេត្ដ កំឡុង​ឆ្នាំ​២០០៥ ផ្ទៃ​បឹង​ត្រូវបាន​គេ​ទន្ទ្រាន​រហូតមក​នូវ​ជាង៦០​ហិកតា ។ ក្រោយមកទៀត​ផ្ទៃ​បឹង​នៅសល់​ជាង ១៦​ហិកតា​។ ស្រាប់តែ​នៅ​ថ្ងៃ​សុក្រ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​លេខ ២៣ អនក្រ​.​បក សម្រេច​កាត់​ផ្ទៃ​ដឺ​ទំហំ១១,៥០​ហិកតា (​ដប់​មួយ​ហិកតា និង​ហាសិប​អា​) ចេញពី​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ បន្ដទៀត តាមរយៈ​អនុក្រឹត្យ​លេខ ១៨៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​រក្សាទុក​ផ្ទៃដី​ទំហំ ៤,៨០​ហិកតា (​បួន​ហិកតា និង​ប៉ែតសិប​អា​) ជា​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់​។

​ពលរដ្ឋ​បាន​លើកឡើងថា ទំហំ​រាប់រយ​ហិកតា មក​នៅត្រឹម​4,80 ហិកតា គួរតែ​បញ្ចប់ ទៅ​ទុក​ក៏​អត់​ប្រយោជន៍​ដែរ ៕​B