បឺត សង្ឃឹម ជួប​ភេ​ច ងិន​ថង នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥

463

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្នុងខណៈដែល​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serir by K-Cement ផ្អាក​មួយ​សប្ដាហ៍ ដើម្បី​ឲ្យ​អ្នក​ប្រដាល់ បាន​សម្រាក មុន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់ផ្ដើម​នោះ បឺត សង្ឃឹម ក្លិប​សាល​វ័​ន្ត​កីឡា ដែល​ទើបតែ​ខ្ទាត​ចេញ ពី​ព្រឹត្តិការណ៍​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ភេ​ច ងិន​ថង (Phich Nginthong) ដោយ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ឧស្សាហ៍​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ណាស់​។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​មិនជា​ស្រួល​បង្ក្រាប​នោះទេ​។ ទោះបី​គេ​មិនសូវ​ប្រើ​កែង ដើម្បី​ផ្ដួល​គូប្រកួត ក៏ពិតមែន តែ​កណ្ដាប់ដៃ ជង្គង់ និង​ស្នៀត​ទាត់​របស់គេ រហ័ស និង ធ្ងន់ ឯជើង​ក្រោម​របស់គេ ក៏​មាំ​ដែរ​។​

​សង្ឃឹម ជា​អ្នក​ប្រដាល់ ដែលមាន​កលល្បិច​ល្អ ពិសេស​កែង​របស់គេ មុត​ណាស់ តែ​ភាព​អំណត់ របស់​អ្នក​ប្រដាល់​រូបនេះ ទាប ឯ​ចិត្ត ក៏​តូច​ដែរ ។ បើ​គូប្រកួត​ខ្លាំង​ជាង ឬក៏​ស្ថានភាព​ប្រកួត​តឹងតែង​នោះ គេ​វ៉ៃ​ចេញ​លែងរួច​តែម្ដង​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា ហើយ​នរណា ក៏​ជឿថា ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​ដែរ ។ នរណា នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​។​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឈួន រិទ្ធី ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ ន​ន់ ជំនិត មកពី​ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ រិទ្ធី ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្ត​តូច សម្បើម​ណាស់ ទោះបី​ពេលខ្លះ គេ​វ៉ៃ​បានល្អ ក៏ពិតមែន តែបើ​ស្ថានភាព​ប្រកួត តឹងតែង​នោះ គេ​បាត់បង់​សមត្ថភាព​តស៊ូ​តែម្ដង មិនតែប៉ុណ្ណោះ បើ​គូប្រកួត​វ៉ៃ​ធ្ងន់​តែ​បន្តិច​នោះ គេ​សន្លប់​ក្រោក​តស៊ូ​លែងរួច​តែម្ដង​។ ពួកគេ មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ ?​។​

​វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ដែលជា​ម្ចា​សា់​មេដាយ សំរិទ្ធ​ស៊ី​ហ្គេម​នោះ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ សេក គឹម​សាន្ត ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ នួន សា​រ៉ា​ត ក្លិប​និទាន​សែន​ជ័យ ប្រកួត​ជាមួយ សុខ និល ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ហេង សុភ័ក្ត្រ មកពី​ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ជា ចំរើន មកពី​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕V