បុកឆេះរថយន្ត និងម៉ូតូខ្ទេច អ្នកបើកបរ ត្រឹមរបួសស្រាល

983
ចែករម្លែក

ដោយ៖ តាកែវ/
តាកែវៈ រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង និងម៉ូតូម៉ាកពូសាលមួយគ្រឿង​ ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ក្រោយពីបើកបុកគ្នា ពេញទំហឹង កាលពីវេលាម៉ោងជាង ២ រសៀលថ្ងៃច័ន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨០-៨១ ស្ថិតក្នុភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពអ្នកពីឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកពូសាល ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-5763 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​ពីត្បូង ទៅជើង លុះមកដល់ចំណុច កើតហតុខាងលើ បានបុកគ្នាជាមួយ ​រថយន្តគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 3A-4539 ធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យ ម៉ូតូខ្ទាតចូលក្រោមរថយន្ត បុកចំធុងសាំង ដាច់ធ្លាយឆេះខ្ទេចទាំងឡាន និងម៉ូតូ ។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ឈ្មោះ អាត់ ឌុច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ មុខរបរជាកសិករ (រងរបួសស្រាល)។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅអន្តរាគមន៍ បាញ់ពន្លត់ រួចអូសយករថយន្ត និងម៉ូតូ មករក្សាទុកអធិការដ្ឋាន នគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយ ពេលក្រោយ៕V