បុក​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ តំណាក់កាល​ទី​១ បានសម្រេច​៩៥​ភាគរយ គ្រោង​រួចរាល់​នៅពេល​ខាងមុខនេះ​

1086
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​ដោយ​បុក​ជា​ជញ្ជាំង​បេតុង​ឬ​ហៅថា​ស៊ី​ផាយ​ការពារ​កុំឱ្យ​ដី​បាក់​ក្នុង តំណាក់កាល​ទី​១ មកដល់ពេលនេះ​បាន​ឈានដល់​ចាក់​បេតុង​ស៊ី​ផាយ​បាន​៩៥​ភាគរយ​នៃ​គ្រោង​ហើយ ហើយ​ការអនុវត្ត​ជំហាន​ទី​២ គ្រោង​នឹង​អនុវត្ត​បន្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បីឱ្យ​តំបន់​នេះ​លែង​ទទួលបាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត និង​ធ្វើអោយ​តំបន់​នេះ​ប្រែក្លាយជា​តំបន់​រៀបរយ​ផងដែរ​។​
​ ​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។​លោក​បញ្ជាក់ទៀតថា​៖ លើ​គម្រោង​នេះ យើង​បាន​បែង​ចែកជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុងតំណាក់កាល​ទី​១​នេះ ក្រុមការងារ​បា​នស​ម្រុ​ច​ការងារ​របស់ខ្លួន​បាន​៩៥​ភាគរយ​ហើយ ។ ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ក៏បាន​ចាក់​បាន​ជិត​រួច​១០០​ភាគរយ​ហើយ​ដែរ​។ ចំណែក​ការកាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​យើង​អនុវត្ត​ការងារ​សម្រេចបាន​១០០​ភាគរយ​ហើយ​ដែរ​។​
​ ​គួរ​បញ្ជាក់ថា​៖ ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​៕