បុគ្គលិក​តាម​សណ្ឋាគារ​នៅ​ហុងកុង​បង្ខំចិត្ត​ឈប់សម្រាក​ទាំង​គ្មាន​ប្រាក់​ឈ្នួល ខណៈ​ភ្ញៀវទេសចរ​បង្វែរ​ទិសដៅ​ចេញពី​ទីក្រុង​

187
ចែករម្លែក

​ខណៈ​ការតវ៉ា​នៅ​ហុងកុង​បាន​បណ្តេញ​អ្នកទេសចរ​ចេញ បុគ្គលិក​សណ្ឋាគារ​នៅ​ទីក្រុង​កំពុង​រង​ផលប៉ះពាល់​ពី​ការតវ៉ា​។​

​ប្រហែល ៧៧ ភាគរយ​នៃ​មនុស្ស​ធ្វើការ​នៅតាម​សណ្ឋាគារ​ត្រូវបាន​ស្នើឱ្យ​ឈប់សម្រាក​ដោយ​គ្មាន​ប្រាក់​ឈ្នួល​រហូតដល់ ៣ ថ្ងៃ ខណៈ ៤៦ ភាគរយ​រំពឹង​ប្រាក់ចំណូល​ប្រចាំខែ​របស់​ពួកគេ​នឹងត្រូវ​កាត់បន្ថយ​ចំនួន ៣.០០០ ដុល្លារ​ហុងកុង (៣៨៣ ដុល្លារ​អាម៉េរិក​)​។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​សមាគម​សណ្ឋាគារ ម្ហូបអាហារ និង​ភេសជ្ជៈ​។​

​ប្រហែល ៤៣ ភាគរយ​ជឿថា សណ្ឋាគារ​នឹង​កាត់បន្ថយ​ការងារ ប្រសិនបើ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ​។​

​សមាគម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៦ កញ្ញា​ថា “​ការកើនឡើង​នៃ​ការតវ៉ា​ជា​បន្តបន្ទាប់​រហូតដល់​កម្រិត​ហិង្សា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ហុងកុង​ជាទី​កន្លែង​លក់ទំនិញ​និង​រដ្ឋធានី​នៃ​នំចំណី​ដ៏​ឈ្ងុយឆ្ងាញ់​។ អ្នកទេសចរ ដែល​ព្រួយបារម្ភ​អំពី​ការ​អន់ថយ​នៃ​សណ្តាប់ធ្នាប់​សង្គម បាន​លុបចោល​ផែនការ​ធ្វើដំណើរ​របស់​ពួកគេ​”​។​

​ការស្ទង់មតិ​លើ​និយោជិត​សណ្ឋាគារ​ចំនួន ៤៣៨ នាក់​ដែល​ធ្វើការ​នៅតាម​សណ្ឋាគារ​ជាង ៤០ នៅ​ហុងកុង​ត្រូវបាន​ធ្វើឡើង​កាលពី​ចុងខែ​សីហា ហើយ​លាតត្រដាង​ពី​ផលប៉ះពាល់​នៃ​ការដួលរលំ​ក្នុងការ​កក់​ការធ្វើដំណើរ​នៅ​ចំពោះមុខ​ការតវ៉ា ដែល​ឥឡូវនេះ​ឈាន​ចូលដល់​សប្តាហ៍​ទី ១៦​។​

​វិស័យ​ទេសចរណ៍​របស់​ទីក្រុង​ហុងកុង​ត្រូវបាន​បំផ្លាញ​ដោយ​វីដេអូ​ផ្សព្វផ្សាយ​ជុំវិញ​ពិភព​អំពី​បាតុកម្ម​គ្មាន​មេដឹកនាំ ដែល​ផ្ទុះ​ជា​អំពើហិង្សា​ម្តងម្កាល​និង​ប៉ះពាល់​ដល់​អាកាសយានដ្ឋាន​របស់​ក្រុង​។​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក ផូ​ល ចាន់ បាន​និយាយ​កាលពីដើម​ខែកញ្ញា​នេះ​ថា សរុបមក អ្នកទេសចរ​មក​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​ជិត ៤០ ភាគរយ​ក្នុង​ខែសីហា ធៀប​កាល​ពីមួយ​ឆ្នាំមុន​៕ ដោយ៖កញ្ញាដាលីស

អ្នកទេសចរ​មក​ទីក្រុង​ហុងកុង​បាន​ធ្លាក់ចុះ​ជិត ៤០ ភាគរយ​ក្នុង​ខែសីហា ដោយសារ​បាតុកម្ម​ជា​ហូរហែ