បុគ្គលិក​ពេទ្យ​ក្រុង​ហុងកុង​ធ្វើ​កូដកម្ម​ថ្ងៃទី​៣ នៅ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​អោយ​បុគ្គលិក​២​ម៉ឺន​៧​ពាន់​នាក់​សម្រាក​អត់​យក​ប្រាក់ខែ​

147
ចែករម្លែក

​បុគ្គលិក​ពេទ្យ​ច្រើន​នាក់​នៅ​ក្រុង​ហុងកុង​បាន​បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​៣ នៅ​ថ្ងៃ​ពុធ​ទី ៥​ខែ​កុម្ភៈ​ដោយ​ដាក់​សម្ពាធ​ខ្លាំង​ឡើង​លើ​រដ្ឋាភិបាល​ក្រុង​នេះ​ឱ្យ​បិទ​ព្រំដែន​​ជាមួយ​ប្រទេស​ចិន​ដីគោក ដោយសារ​ចំនួន​ករណី​ឆ្លង​កូរ៉ូណា​វីរុស​នេះ​កើនឡើង​។​

​ក្រុង​ហុងកុង មាន​ករណី​ស្លាប់​ដំបូង​របស់​ខ្លួន​ពី​វីរុស​នេះ កាលពី​ថ្ងៃ​អង្គារ និង​មានអ្ក​ឆ្លង​វី​រុសចំនួន​១៨​ករណី ដោយ​រួមទាំង​៤​ករណី​ជា​ការឆ្លង​នៅក្នុង​មូលដ្ឋាន​។​

​សហជីព​ដែល​ទើប​ត្រូវបាន​បង្កើត​ថ្មី​បាន​អំពាវ​ថា​”​ដោយសារ​ជំងឺ​នេះ​កំពុងតែ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​សហគមន៍​របស់​យើង​ហើយ​ករណី​ឆ្លង​ក្នុង​​ស្រុក​កំពុង​តែ​កើនឡើង​ជា​លំដាប់​នោះ​យើង​កំពុង​ខិត​ទៅរក​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការផ្ទុះ​រាលដាល​វីរុស​នៅក្នុង​សហគមន៍​ដែល​នឹង​អាច​ប្រដូច​បាន​ទៅ​នឹង​​ជំងឺ​Sars​។​

​ការ​រាតត្បាត​នៃ​វីរុស​ដែល​បាន​កើតមាន​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ​នោះ បានធ្វើឱ្យ​គេ​នឹកឃើញ​ឡើង​វិញ​នៅ​ទីក្រុង​ហុងកុង អំពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​ជំងឺ​Sars)​នេះ​កាលពី​ឆ្នាំ ២០០៣​ដែល​បាន​សម្លាប់​មនុស្ស​ជិត ៣០០ នាក់​នៅ​ទី​ហុងកុង​។​

​វីរុស​ចុងក្រោយ​(​កូរ៉ូណា​វីរុស​)​បំផុត​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ប្រទេស​ចិន​ដោយ​មាន​មនុស្ស​ជិត ២៥.០០០ នាក់​បាន​ឆ្លង​វីរុស​នេះ និង​មនុស្ស​៤៩០​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ។​

​បុគ្គលិក​សុខាភិបាល​និង​សមាជិក​នៃ​សហជីព​ផ្សេងទៀត​នៅ​ទីក្រុង​ហុងកុង​បានទាមទារ​ឱ្យ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ចិន​ដីគោក ទាំងស្រុង​ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​នាយក​ប្រតិបត្តិ​ទីក្រុង​លោកស្រី Carrie Lam បាន​ផ្អាក​ការភ្ជាប់​មួយចំនួន​ជាមួយ​ប្រទេស​ចិន​ដីគោក និង​បាន​បិទ​ច្រក​ព្រំដែន​មួយចំនួន​ប៉ុន្តែ​លោកស្រី​បាន​​ទុក​៣​ចំណុច​នៃ​ព្រំដែន​ដោយ​លើក​ហេតុផល​ថា​ការបិទ​ព្រំដែន​ទាំងមូល​នឹង​មិន​សមរម្យ​មិន​សម​ហេតុផល និង រើសអើង​។​

​ពាក់ព័ន្ធ​នឹង​វីរុស​ឆ្លង​នេះ​ដែរ​កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​Cathay Pacific ស្នើ​អោយ​បុគ្គលិក​របស់​ខ្លួន​២៧.០០០​នាក់​ឈប់សម្រាក​៣​សប្តាហ៍​ដោយ​មិនបាច់​យកប្រាក់​ឈ្នួល នៅ​ពេល​ក្រុមហ៊ុន​ជួប​វិបត្តិ​ថ្មី​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​។​

Cathay Pacific​ទើប​ជួប​វិបត្តិ​បង្កឡើង​ដោយ​ការតវ៉ា​ប្រឆាំង​រាប់​ខែ​នៅ​ហុងកុង និង​ឥឡូវ​រងគ្រោះ​ដោយ​វីរុស​ទៀត​៕​ប្រែ​សម្រួល​៖​សុខា​/sn