បុគ្គលិក​ស្ថាន​កុងស៊ុល​អង់គ្លេស​នៅ​ហុងកុង​បាត់​ខ្លួន​នៅ​ចិន​

1508
ចែករម្លែក

​ក្រសួងការបរទេស​អង់គ្លេស​និយាយថា ខ្លួន​«​ព្រួយបារម្ភ​ជាខ្លាំង​» អំពី​ការ​បាត់​ខ្លួន​និយោជិត​ម្នាក់​នៃ​ស្ថាន​កុងស៊ុល​អង់គ្លេស​ប្រចាំ​ហុងកុង ចាប់​តាំងពី​គាត់​បាន​ឆ្លង​ចូល​ចិន​​ក្នុង​ដំណើរ​ធុរកិច្ច​មួយ​។​

​ក្រសួង​កំពុង​ស្វែងរក​ព័ត៌មាន​ពី​ហុងកុង​និង​ខេត្ត​ក្វាង​ទុងរ​បស់​ចិន​អំពី​ជោគវាសនា​របស់​និយោជិត​ដែល​ទំនងជា​ត្រូវ​ចាប់ខ្លួន​ក្នុងពេល​ឆ្លង​ពី​ក្រុង​សិន​ចិន​ចូល​ហុងកុង​។​

​សារព័ត៌មាន​ចិន​ស្គាល់​ជននេះ​ឈ្មោះ ស៊ីម៉ុន ចេង ម៉ាន់​គិត មន្ត្រី​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ ស្ថាន​កុងស៊ុល​អង់គ្លេស​ប្រចាំ​ហុងកុង ដែល​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ធុរកិច្ច​​មួយ​នៅ​សិន​ចិន​កាលពី​ថ្ងៃ​៨​សីហា​។​បុ​រនេះ​មិនបាន​វិល​មក​ហុងកុង​វិញ​ទេ ទោះជា​តាម​គំរោង​ត្រូវ​វិល​មក​វិញ​នៅក្នុង​ថ្ងៃ​ដដែល​តាម​រថភ្លើង​។​

​អាជ្ញាធរ​ចិន​និង​ប៉ូលិស​ហុងកុង​ក៏​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បាន​នៅ​ថ្ងៃ​អង្គារ​ទី​២០​សីហា​។​

​ព័ត៌មាន​អំពី​ការបាត់​មន្ត្រី​ទូត​អង់គ្លេស​នេះ​កើតឡើង​ចំ​ពេល​រសើប​មួយ​សំរាប់​អង់គ្លេស​និង​ចិន ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​អង់គ្លេស​ថា​ជ្រៀតជ្រែក​កិច្ចការរបស់​អតីត​​ទឹកដី​អាណានិគម​របស់​ខ្លួន ដោយសារ​តែ​និយាយ​ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​ហុងកុង​។​

​ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស លោក ដូ​មីនិក រ៉ា​អាប បាន​និយាយ​ជាមួយ​មេដឹកនាំ​ហុងកុង ការី ឡា​ម កាល​ពិ​ថ្ងៃ​០៩​សីហា និង​​បានបង្ហាញ​ការព្រួយបារម្ភ​អំពី​ស្ថានការណ៍​នៅ​ក្រុង​ហុងកុង​និង​ការប្រឆាំង​តវ៉ា​នៅ​ទីនោះ តែ​មិន​បាន​និយាយ​ករណី​លោក​ចេង​ទេ​។​

​សូមបញ្ជាក់​ថា ការព្រួយបារម្ភ​អំពី​សុ​វត្ថ​ភាព​របស់​បុគ្គលិក​ការទូត​បរទេស​ដែល​ធ្វើការ​នៅ​ចិន​បាន​កើនឡើង ចាប់តាំងពី​លោក ម៉ៃ​ឃើ​ល កូ​វរិក អ្នកវិភាគ​សន្តិសុខ​សកល ត្រូវបាន​​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ ពី​បទ​ធ្វើ​ចារ​កម្ម ក្នុងពេល​ឈប់​សម្រាកកាយ​ពី​សេវា​បរទេស​កាណាដា​។​ការចាប់ខ្លួន​នេះ​កើតឡើង​ចំពេល​មាន​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​និង​អូ​តា​វ៉ា​ អំពី​ការចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ហួ​រវេ ម្នាក់​តាម​សំណើ​អាម៉េរិក​៕​ដោយ​៖​វាសនា​

បាតុករ​ម្នាក់​កាន់​ទង់​អង់គ្លេស​ក្នុងអំឡុង​បាតុកម្ម​នៅ​ហុងកុង​កាលពី​ថ្ងៃ​៩​សីហា​

#