បុគ្គល​ដែល​យកលុយ​ពី​បេក្ខជន​ប្រឡង​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​នឹង​ប្រឈមមុខ​ច្បាប់​

258
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើងគោក បាន​ជូនដំណឹង​ដល់​សាធារណជន​។​ជាពិសេស​យុវជន ដែលមាន​បំណង​ចូល​បម្រើ​ការងារ​ជា​យោធិន​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​ថា​ដើម្បី​ផ្តល់ឱកាស​ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌​ដល់​យុវជន​ទូទៅ​ក្នុងការ​ដាក់ពាក្យ​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​។

​ជាពិសេស​ចូលរួម​ទប់ស្កាត់​ក្នុងករណី​មាន​បុគ្គល​មួយចំនួន​ឆ្លៀតឱកាស​កេងចំណេញ​តាមរយៈ​ការធ្វើសកម្មភាព​សូកប៉ាន់​ផ្សេងៗ​ប្រាសចាក​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងការពារជាតិ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​គណៈកម្មការ​សូម​អំពាវនាវ​ដល់​សាធារណជន​អាណាព្យាបាល​និង​បេក្ខជន​ទាំងអស់​សហការ​ផ្តល់ព័ត៌មាន​បន្ទាន់​។​

​ក្នុងករណី​មាន​បុគ្គល​ណា​ទារលុយ​ឬ​តម្រូវឱ្យ​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការចែក​ពាក្យ​ទទួល​ពាក្យ​ដើម្បី​ទទួលបាន​ក្របខ័ណ្ឌ​។​គណៈកម្មការ​បានធ្វើកា​រ​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា​រាល់​ការស្ម័គ្រចិត្ត​ដាក់ពាក្យ​សុំ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​គឺ​មិន​តម្រូវឱ្យ​បេក្ខជន​បង់ប្រាក់​ឡើយ​។

​រាល់​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​គោលការណ៍​ខាងលើនេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។ ករណី​មាន​បុគ្គល​ឆ្លៀតឱកាស​ដូច​ជម្រាបជូន​ខាងលើ សូម​សាធារណជន អាណាព្យាបាល និង​បេក្ខជន​ទាំងអស់ សហការ​ផ្តល់ព័ត៌មាន​មក​ក្រុមការងារ​ដោយផ្ទាល់​តាម​ទូរស័ព្ទ​លេខ 081-319662/081319688/ 099306162 /099-253677/097 5920420/ 0975920189 ។​

​គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន អាណាព្យាបាល និង​បេក្ខជន​ទាំងអស់ ដែល​សហការ​គាំទ្រ​ដល់​ដំណើរការ​ជ្រើសរើស​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។​

​គួរ​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ធ្វើការ​ជ្រើសរើស​ពលទាហាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ល​ការ​ជ្រើស​រ់ស​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​។​គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​បានឱ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ធ្វើការ​ជ្រើសរើស​ពលទាហាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​។​

​ដូច្នេះ​យុវជន​ដែលមាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើងគោក​ត្រូវ​មក​ទាក់ទង​ទទួលយក​និង​ដាក់ពាក្យ​ស្នើសុំ​នៅ​ការិយាល័យ​ទី​១​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​,​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស​,​ទីបញ្ជាការ​យោធភូមិភាគ​ទី​១,​ទីបញ្ជាការ​យោធភូមិភាគ​ទី​២,​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣​។​

​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤​និង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥​។​បេក្ខជន​អញ្ជើញ​មក​ទាក់ទង​សាកសួរ​ព័ត៌មាន​លម្អិត​ដើម្បី​បំពេញ​ទម្រង់​បែបបទ​ផ្សេងៗ​នៅ​ទីកន្លែង​ចែក​និង​ទទួល​ពាក្យ​ដូច​មាន​ខាងលើ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ដោយ​មិន​តម្រូវឱ្យ​បេក្ខជន​បង់ប្រាក់​ឡើយ​៕S/