បុគ្គល​ធាន វុទ្ធី អះអាងថា ខ្លួន​មិនបាន​តែង​និង​តាំងខ្លួន​ជា​ព្រះអរហន្ដ​ទេ​ ​

402

(​ភ្នំពេញ​) ៖ ក្រោយពី​មានការ​លេចឮ​ដំណឹង​ថា បុគ្គល ធាន វុទ្ធី បានចេញ​មុខមក​ជាថ្មី ដោយបាន​តាំងខ្លួន​ជា​ព្រះអរហន្ដ​នោះ រដ្ឋមន្ត្រី​​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជា​ឲ្យ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ និង​ជំនាញ​ពាក់ព័ន្ធ ចុះទៅពិនិត្យ​មើល​ករណី​បុគ្គល​ឈ្មោះ ធាន វុទ្ធី​។​
​ ​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គណៈកម្មការ​ចំរុះ​ដឹកនាំ​ដោយ មន្ទីរ​ធម្មការ​ខេត្ត រួម​និង​សមត្ថកិច្ច​និង​អាជ្ញាធរ មូល​រដ្ឋា​ន​បាន​ចុះទៅ​ពិនិត្យមើល​​ការ ប្រតិបត្តិ​របស់ បុគ្គល ធាន វុទ្ធី ដែល​តាំង ខ្លួន​ជា​ព្រះអរហន្ត តែ​ពុំ​ឃើញ​មាន​សកម្មភាព​ដូច​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នោះទេ​។​
​ ​
​ចំណែក លោក ធាន វុទ្ធី ក៏បាន​បដិសេធ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថា ចំពោះ​ការចោទប្រកាន់​ទាំងឡាយ ដែល​អះអាងថា លោក​បាន​តាំងខ្លួន​ជា​ព្រះមហាក្សត្រ ដែល​សូម្បីតែ​គិត​ក៏​លោក​គ្មាន​ដែរនោះ​។​
​ ​
​គួរ​ឲ្យ​ដឹងថា ថ្មីៗ​នេះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បានឃើញ​មានការ​បង្ហោះ​រូប​បុរស​ម្នាក់​ដែល​នាំគ្នា​គិតថា​ជា​បុគ្គល​ឈ្មោះ ធាន ​វុទ្ធី ដោយ​តាំងខ្លួន​ជា​ព្រះអរហន្ត​សារ និង​បានដាក់​រូប​ព្រះ​ឆ័​យា​លក្ខណ៍​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ជើង​រូបសំណាក​របស់ខ្លួន​ថែមទៀត ក្នុង​ពិធីបុណ្យ​មួយ​ស្ថិតនៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​កន្លងមក បុគ្គល​ឈ្មោះ ធាន វុទ្ធី ធ្លាប់បាន​តាំងខ្លួន​ជា​ព្រះ​សិ​អារ្យ​មេត្រី ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចាត់វិធានការ​តាមច្បាប់ និង​បាន​បាត់​មុខ​មួយរយៈ​មកហើយ ប៉ុន្តែ​ស្រាប់តែ​បង្ហាញខ្លួន​សារជាថ្មី និង​បាន​តាំងខ្លួន​ជា​ព្រះអរហន្ត​៕​ដោយ​៖​វិបុល​/sn