បុគ្គល​ម្នាក់​យកឈ្មោះ​អ្នកធំ​ឆបោក​ប្រាក់​អ្នកវិនិយោគ​ជនជាតិ​ថៃ​មួយក្រុម​អស់​ជាង​២​លាន​ដុល្លារ​អាមេរិក​

1473
ចែករម្លែក

(​ភ្នំពេញ​)៖​បុគ្គល​ម្នាក់​ដែល​បាន​ក្លែង​តួនាទី​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ម​ក​ធ្វើការ​ឆបោក​ក្រុម​អ្នកវិនិយោគ​ជនជាតិ​ថៃ​អស់ប្រាក់​ជាង​២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្រោមរូបភាព​ថា​យកប្រាក់​នេះ​មក​វិនិយោគ​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​បច្ចុប្បន្ន​បុគ្គល​ខាងលើនេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​អោយ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​«​មិន​បំពេញ​កាតព្វកិច្ច​ចមពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​។​

​បុគ្គល​ឆបោក​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ អាយុ​៣៦​ឆ្នាំ បានធ្វើការ​ឆបោក​អ្នកវិនិយោគ​ជនជាតិ​ថៃ​មួយក្រុម​ដែល​រស់នៅ​ក្នុងប្រទេស​ថៃ​។ បុគ្គល​ឆបោក​នេះ​បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​លេស​ថា​ស្គាល់​អ្នកធំ​នេះ​អ្នកធំ​នោះ​ក្នុងន័យ​ធ្វើយ៉ាងណា​អោយ​ក្រុម​អ្នកវិនិយោគ​ជនជាតិ​ថៃ​មាន​ទំនុកចិត្ត​ផ្តល់​លុយ​រហូតដល់​ជាង​២​លាន​ដុល្លារ​អាមេរិក​ដល់​ខ្លួន​ដើម្បី​អាចមក​រកស៊ី​នៅ​កម្ពុជា​។ ការ​ឆបោក​នេះ​គឺ​ចាប់ផ្តើម​ក្នុងអំឡុង​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​បុគ្គល​ខាងលើនេះ​បាន​រត់គេចខ្លួន​ពី​ប្រទេស​កម្ពុជា​។​

​សូមជម្រាបថា បុគ្គល​ខាងលើនេះ​ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​អោយចូល​ខ្លួន​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧ ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ករណី គំរាមថា​នឹង​សម្លាប់ បទ​បរិហារកេរ្តិ៍ ប្រើប្រាស់​ឯកសារ​ក្លែង និង​ឆបោក​ប្រាក់ របស់​ក្រុម​អ្នកវិនិយោគ​ជនជាតិ​ថៃ​។​

​បើតាម​អ្នកវិនិយោគ​ជនជាតិ​ថៃ បានអោយដឹងថា បុគ្គល​ខាងលើនេះ​ក៏​កំពុង​រង​ពាក្យបណ្តឹង​ពី​អ្នកវិនិយោគ​ជនជាតិ​ថៃ​ផ្សេង​នៅ​ប្រទេស​ថៃ ហើយ​តុលាការ​នៅ​ប្រទេស​ថៃ​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​បុគ្គល​នេះ​ផងដែរ​។​

​ក្រុម​អ្នកវិនិយោគ​ថៃ​បានធ្វើការ​អំពាវនាវ​ដ​ល់​សាធារណៈ​បើសិនជា​បានឃើញ​បុគ្គល​រូបនេះ ហើយ​រាយការណ៍​រហូត​ឈានទៅ​ចាប់បាន​ជន​ឆបោក​ខាងលើនេះ​។ ពួកគេ​នឹងមាន​ការជូន​ជា​សា​គុណ​ជា​ទឹកប្រាក់​ជាច្រើន​គួរ​ជាទី​គាប់ចិត្ត​៕​ អត្ថបទពាណិជ្ជកម្ម