បុណ្យកឋិន​ទាន​មហា​សាមគ្គី ដង្ហែ​ទៅ​វត្ត​ខ្មែរ​ទាំង​៨ នៅ​ឥណ្ឌា​-​នេ​ប៉ាល់​

262

(​ភ្នំពេញ​)៖ បុណ្យកឋិន​ទាន​មហា​សាមគ្គី ដើម្បី​ដង្ហែ​យកទៅ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា អស់​ត្រីមាស នៅ​វត្ត​ខ្មែរ​ទាំង ៨ នៅ ឥណ្ឌា និង​នេ​ប៉ាល់ ដែល​ជួប​ការខ្វះខាត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​កុដិ លេខ​៣៥ វត្ត​បទុម​វ​តី រាជធានី​ភ្នំពេញ ។ អង្គ​កឋិន និង​ដង្ហែ តាម​គណៈ​ធម្ម​យាត្រា ចេញដំណើរ​ទៅ​ឥណ្ឌា និង​នេ​ប៉ាល់ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ដឹកនាំ​ដោយ​ព្រះមហា ពឿ​យ មេត្តា និង ព្រះមហា តែម ម៉ាច​។​
​ ​
​ព្រះមហា តែម ម៉ាច ព្រះប្រធាន​ដឹកនាំ​គណៈ​ធម្ម​យាត្រា​ទៅកាន់​ប្រទេស​ឥណ្ឌា និង នេ​ប៉ាល់ បាន​មាន​សង្ឃដីកា នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ថា ក្នុងនាម​ព្រះអង្គ​តំណាង​ឲ្យ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ព្រះចៅអធិការ​វត្ត​ខ្មែរ​ទាំង ៨ នៅ​ឥណ្ឌា និង​នេ​ប៉ាល់ បានរៀបចំ​កម្មវិធី​កឋិនទាន​មហា​សាមគ្គី ដែល​នឹង​ដង្ហែ​ទៅកាន់​វត្ត​ខ្មែរ​ទាំង ៨ នៅ​ប្រទេស​ឥណ្ឌា និង​នេ​ប៉ាល់ ពីព្រោះថា នៅ​ទីនោះ ព្រះ​ភិក្ខុសង្ឃ គង់​ចាំ​ព្រះ​វង្សា​អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ខ្មែរ​ទាំង ៨ គឺមាន​ចំនួន ៧១​អង្គ និង​មានការ​ខ្វះខាត​នៅ​ត្រៃ​យ៍​ចីវរ​…​។ ដោយសារ​ឃើញ​ព្រះ​ភិក្ខុសង្ឃ​នៅ​ទីនោះ​មាន​កង្វះខាត​ដូច្នេះ​ព្រះអង្គ​នឹង​រៀបចំ នៅ​ពិធី​អង្គ​កឋិនទាន ទៅកាន់​វត្ត​ខ្មែរ​ទាំង​៨ គឺ​រៀបចំ​ប្រារព្ធ​នៅក្នុង​វត្ត​បទុម​វ​តី កុដិ​លេខ​៣៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧​។ ដូច្នេះ​សូម​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ហើយ​ពឹង​ផ្អែកទៅលើ​ពុទ្ធបរិស័ទ​ទាំងអស់ ដើម្បី​ជួយ​ដល់​ព្រះ​ភិក្ខុសង្ឃ​ចំនួន​៧១​អង្គ​។​
​ ​
​ព្រះមហា តែម ម៉ាច បាន​មាន​ដីកា​បន្តថា បន្ទាប់ពី​ប្រារព្ធ​កម្មវិធី​កឋិនទាន​នៅ​ថ្ងៃទី​២៨ ខែតុលា ហើយ គឺ​នៅ​ថ្ងៃទី​៣១ ខែតុលា នឹង​ហែ​កឋិនទាន ទៅតាម​ព្រលានយន្តហោះ​ពី​ភ្នំពេញ ទៅ​បាងកក ពី​បាងកក ទៅ​កា​កាតា ឆ្ពោះទៅ​កន្លែង​ព្រះអង្គ​ត្រាស់ដឹង ហើយនឹង​វេរ​ប្រគេន ដល់​ព្រះ​ភ​ក្ខុ​សង្ឃ​នៅ​ទីនោះ ដែលមាន​ភាព​កំសត់​មិន​ដូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។​សូមជម្រាបថា វត្ត​ទាំង​៨ នៅ​ដែនដី​ពុទ្ធភូមិ ឥណ្ឌា និង​នេ​ប៉ាល់ មានដូចជាៈ ១.​វត្ត​ខ្មែរ​លុម្ពិនី (​កន្លែង​ព្រះពុទ្ធ​ទ្រង់​ប្រសូត​) មាន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​ចំនួន​៥​អង្គ​។ ២.​វត្ត​ខ្មែរ​ពុទ្ធ​គ​យា (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​ត្រាស់ដឹង​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន​៣៨​អង្គ​។ ៣.​វត្ត​ខ្មែរ​សារ​នាថ ក្រុង​ពារាណសី (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​សម្តែង​ធម្មចក្ក​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៥​អង្គ ។ ៤.​វត្ត​ខ្មែរ​ឧ​រុ​វេ​ល​និគម (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​សម្តែង​បាដិហារ្យ​ចំនួន​៣៥០០​បាដិហារ្យ និង​សម្តែង​អាទិ​ត្ត​បរិយាយ​សូត្រ​) មាន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​ចំនួន​៥​អង្គ ។ ៥.​វត្ត​ខ្មែរ​សុវណ្ណ​ភូមិ​ក្រុង​រាជគ្រឹះ (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​សម្តែង​ឱវាទ​ប​ដិ​មោក្ខ និង​អានា​ប​ដិ​មោក្ខ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៤​អង្គ​។ ៦.​វត្ត​ខ្មែរ​វេសាលី (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​សម្តែង​រតនៈ​សូត្រ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៥​អង្គ​។ ៧.​វត្ត​ខ្មែរ​សាវត្ថី (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​គង់នៅ​អស់​រយៈពេល​ដ៏​យូរ ២៥​វស្សា​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៤​អង្គ​។ ៨.​វត្ត​ខ្មែរកុសិនារា (​កន្លែង​ព្រះ​ពុទ្ធអង្គ ទ្រង់​យាង​ចូល​បរិ​និ​ពា​ន្វ​) មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៦​អង្គ ៕​ដោយៈ មុនី​រ័ត្ន​/sn


​ព្រះមហា តែម ម៉ាច ធ្វើ​សន្និសីទកាសែត​អំពី​ការធ្វើ​បុណ្យ​កឋិនទាន​ដង្ហែ​ទៅ​ឥណ្ឌា និង​នេ​ប៉ាល់

​វត្ត​ខ្មែរ​នៅ​ឥណ្ឌា (​រូប​ថ​តៈ​ឯកសារ​)