បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ខេត្តកំពង់ចាម ភ្ញៀវ​មក​កម្សាន្ត​ថយចុះ​៣០​ភាគរយ ធៀប​នឹង​ឆ្នាំមុន​

496
ចែករម្លែក
  • 37
    Shares

ដោយ​: គង់​ហេង / កំពង់ចាម​: រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ខេត្តកំពង់ចាម ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​ទស្សនា​កម្សាន្ត​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ គឺ​បាន​ថយចុះ​ចំនួន ៣០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​

​លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៨​កុម្ភៈ​នេះ​ថា ពិធី​ចូលឆ្នាំ​ចិន វៀតណាម ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ចន្ទ ទី​៤ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នោះ នៅតាម​បណ្តាល​ទី​កម្សាន្ត រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពង់ចាម គឺមាន​ភ្ញៀវ​សរុប​ទាំង​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង​២.០០០​នាក់​ប៉ុណ្ណោះ​។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ថយចុះ​ប្រមាណ ៣០​ភាគរយ​។ តួលេខ​ចំនួន​ភ្ញៀវ​ជាង ២.០០០​នាក់ ភាគច្រើន​បាន​ភ្ញៀវ​មកលេង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​។​

​លោក ប៊ុន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន បានលើកឡើង​ដែរ​ថា សម្រាប់​បី ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​២០១៩​នេះ គឺ​ភ្ញៀវ​ជាតិ​ជា​ប្រពល​រដ្ឋ​ខ្មែរ​យើង​បាន​ថយចុះ​ចំនួន ៥​ភាគរយ​។ ប៉ុន្តែ​បាន​ហក់​កើនឡើង ៧​ភាគរយ​ចំពោះ​ភ្ញៀវ​បរទេស ដែល​បានមក​ដើរ​កម្សាន្ត​លើ​ស្ពាន​ប្រដឹស​ឫស្សី​កោះ​ប៉ែន​ភាគច្រើន​។​

​លោក ដា​រ៉ា បាន​បន្តថា លោក​នឹង​ខិតខំ​រិះរក​វិធី​ច្នៃប្រឌិត​បង្កើតជា​កម្មវិធី​កម្សាន្ត​ឲ្យ​បាន​ប្លែកៗ ដល់​ភ្ញៀវ ដូច​ពេលកន្លងមក​មាន បុណ្យចូលឆ្នាំ​សកល ២០១៩ គឺ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​បង្កើត​កម្មវិធី​លក់​សំបុត្រ​សម្រាប់​គូស្នេហ៍ និង​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ទើបបាន​កន្លងទៅ​គឺ​នៅ​ថ្ងៃទី ៦​កុម្ភៈ យើង​បាន​បង្កើត​កម្មវិធី​ចាប់ «​អាំង​ប៉ាវ​» តាមបែប​ប្រពៃណី​ចិន បានធ្វើ​ឲ្យ​ភ្ញៀវ​ក្នុង​ថ្ងៃនោះ មក​ចូលរួម​លេង​កម្សាន្ត​ដល់​ជិត​១.០០០ នាក់​៕ ល​