បុណ្យផ្កា​ប្រាក់​សាមគ្គី​នៅ​វត្ដ​រាជ​បូព៌​ប្រមូល​ថវិកា​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ

1313
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប ៖ ក្នុងឱកាស​រៀបចំ​ប្រារព្ធ​បុណ្យផ្កា​ប្រាក់​សាមគ្គី​នៅ​វត្ដ​រាជ​បូព៌ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ផ្ដួចផ្ដើម​និង​រៀបចំ​ដោយ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះរាជ​គណៈ​ថ្នាក់​ទោ​ជា​ឧត្ដម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា នៃ​ព្រះរាជណាចក្រ​កម្ពុជា​និង​ជា​ព្រះចៅអធិការ​វត្ដ​ព្រះរាជ​បូព៌ រួមជាមួយ​ព្រះ​មេគណ​ខេត្ដ ព្រះសង្ឃ​ក្នុង​ខេត្តសៀមរាប លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តសៀមរាប បាន​ប្រមូល​ថវិកា​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប​។​

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះចៅអធិការ​វត្ត​រាជ​បូព៌ មាន​សង្ឃដីកា​ថា ដោយ​មើលឃើញ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ បាន​ព្យាបាល​កុមារ​ដោយ​មិន​គិតថ្លៃ​ដល់​កុមារ​កម្ពុជា​នោះ ដូច្នេះហើយ ក្រុម​ពុទ្ធបរិស័ទ បាន​មូលមតិ​គ្នា​ធ្វើបុណ្យ​នេះ​ឡើង​ដើម្បី​ប្រមូល​បច្ច័យ​ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជាការ​រួមចំណែក​មួយ​ដល់​សង្គម ខណៈ​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ បាន​ប្រារព្ធ​ឡើងជា​លើក​ទី​៥​ហើយ ដែល​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​បាននាំគ្នា​ធ្វើ​។

​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ដ្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារ​អង្គរ បានទទួល​ការព្យាបាល​នូវ​ជំងឺ​កុមារ​ចំនួន​៥០០​នាក់​ក្នុង​មួយថ្ងៃ ដែល​ក្នុង​មាន​ជំងឺ​ផ្លូវដង្ហើម ជំងឺ​ទងសួត និង​វះកាត់​បេះដូង​កុមារ​ជាដើម ដែល​ក្នុង​មួយឆ្នាំ​បាន​ចំណាយ​ថវិកា​ប្រមាណ​៦​លាន​៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ថវិកា​ដែល​បាន​ចំណាយ​នោះ គឺ​បានមកពី​មូលនិធិ​សប្បុរសជន​ក្រៅប្រទេស​៨៥​ភាគរយ និង​ជា​មូលនិធិ​ក្នុងប្រទេស​១៥​ភាគរយ​។​

លោក ងួន ច័ន្ទ​ភក្ដ្រា បានបញ្ជាក់​ទៀតថា បើទោះបី​ជាមាន​មូលនិធិ​ពី​ក្រៅ​ស្រុក​ក្ដី ប៉ុន្ដែ​ត្រូវការ​ថវិកា​ជា​មធ្យម​៦​លាន​ដុល្លា​កន្លះ​ក្នុង​មួយឆ្នាំ​ដែរ ដើម្បី​គាំទ្រ​ឲ្យ​វិស័យ​សុខាភិបាល​នេះ កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត ។ សូមបញ្ជាក់ថា មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​មណ្ឌល​មួយ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ដោយ​អ្នក​ថតរូប​ជា​ជនជាតិ​ជប៉ុន​ម្នាក់ ។​ក្នុង​ឪ​កាស​នោះដែរ លោក ហ៊ុន ម៉ា​នី បាន​បរិច្ចាក​ថវិកា​ចំនួន​៤​លាន​រៀល​៕​B