បុណ្យអុំទូក សូមកុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ​!

265
ចែករម្លែក

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ ដូច​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នឹង​រៀបចំ​ឲ្យ​មានការ​ជួបជុំ ប្រគំ​តន្ត្រី បង្ក​បរិយាកាសសប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ កម្សាន្ត​សប្បាយ បន្ថែម​លើ​ការប្រណាំង​ទូកង​ ទោះបីជា​មានការ​បារម្ភ ខ្លះៗ​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​រឿង​នយោបាយ​ក៏ដោយ​។​

​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី បានប្រកាស​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា សូម​មកលេង​បុណ្យអុំទូក នៅ​ភ្នំពេញ នា​ថ្ងៃទី​១០-១២ ខែវិច្ឆិកា រួមទាំង​ការចូល រួម​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៩​វិច្ឆិកា​ដែលជា​ទិវា​បុណ្យឯករាជ្យ​ជាតិ ព្រោះថា គ្មាន​នរណា​វ៉ៃ​គ្នា ដូច​ការព្រួយបារម្ភរ​បស់បង​ប្អូន​មួយចំនួន​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសកុំ​ឲ្យ​ប្រជាជន​យើងព្រួយបារម្ភ ពិសេស​ម្តាយ​ឪពុក នៅ​ស្រុកកំណើត​ដែលបាន​ហៅ​កូនចៅ ជា​កម្មករ​កាត់ដេរ នៅ​ភ្នំពេញ ឲ្យ​ទៅ​ស្រុក​វិញ ដោយសារ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​។

​សម្តេច​តេ​ជោ បញ្ជាក់ថា «​គ្មាន​នរណា​វ៉ៃ​គ្នានៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​ទេ​។ បើសិនជា​គេ​ធ្វើ ក៏​ធ្វើ​តែ​លើ​មុខសញ្ញាអា​ប្រាំបួន​នាក់​ទេ​។ អាប្រាំបួន​នោះ វា​មិន​មក​ទេ​។ ដល់​ឥឡូវ វា​ពន្យារពេលថា​មក​ថ្ងៃ​៩​។ ថ្ងៃ​៩ មិនដឹង​ជា​មក ឬ​មិន​មក​ទេ​។ បើ​យើង​ធ្វើក៏​ធ្វើ​តែ​លើ​មុខសញ្ញាដែលមាន​ដីកាចាប់ខ្លួន​ពី​តុលាការ​ប៉ុណ្ណោះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​មិនចាំបាច់​អ្នកខ្លះទៅ​ទិញ​នេះ ទៅ​ទិញ​នោះ​ទុក​ទេ​។ នៅលើ​ទីផ្សារ គ្មាន​នរណាជ្រួលច្របល់​ទៅតាម​អាហ្នឹង​ទេ​។ ដូច្នេះ​សូមកុំ​ភាន់​ច្រ​ឡំ សូម​បងប្អូន​មកលេង​បុណ្យអុំទូក​ធម្មតា​។ ការប្រគំ​តន្ត្រីមាន​ដូច​រៀងរាល់ឆ្នាំ​»​។

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​អតីត​សកម្មជន​អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែលរ​ត់ទៅ​ពួន​នៅ​ភ្នំក្រវាញ ចេញ​មកលេង​បុណ្យអុំទូក​មក​។ កុំ​តែ​ទៅធ្វើ​សកម្មភាព ចូល​ដៃ​ជាមួយ​ទណ្ឌិត​សមរង្ស៊ី នោះ​គ្មាន​នរណាចាប់ចង​បងប្អូន​ទេ​។ សមរង្ស៊ី បាន​ដើរ​ហួស​បន្ទាត់​ក្រហម ហើយ​រាជរដ្ឋាភិបាលត្រូវតែ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សុខសន្តិភាព​​ រ​បស់​ប្រជាជន​កម្ពុជា​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា ពិសេស​កីឡាករ​អុំទូក​ដែលមក​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ភ្នំពេញ សូមកុំ​នាំ​អេដស៍ទៅ​ចម្លង​ប្រពន្ធ​កូន​នៅ​ស្រុកកំណើត​។ ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​សហការគ្នា​គ្រប់គ្រង​សំរាម អំឡុងពេល​បុណ្យអុំទូក ខណៈដែល​ប្រជាជន​ដែល​នឹង​ចូលរួម​ដើរលេង​បុណ្យអុំទូក ក៏​សូម​ចូលរួម​សម្អាត​បរិស្ថាន ដោយ​កុំ​បោះចោល​សំរាម​ផ្តេសផ្តាស​ឡើយ​។

​បន្ថែម​លើ​សេចក្តីអំពាវនាវ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ណ៍ផ្លូវគោក​អំឡុងពេលបុណ្យអុំទូក និង​បញ្ហា​សុវត្ថិភាព​របស់​កីឡាករ​អុំទូក ក៏​ជា​រឿងដែល​មិនអាច​មើលរំលង​ដែរ​។ នោះ​គឺ​កីឡាករ​អុំទូក ទាំងអស់ រួមទាំង​គណៈកម្មការ​ចំណុះ​ទូកង​នីមួយៗ គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន ជៀសវាង​គ្រោះថ្នាក់លង់ទឹក​។ ពោលគឺ​កីឡាករ​អុំទូក ចែវ​ទូក​ទាំងអស់ ត្រូវតែ​ចេះ​ហែល​ទឹក ហើយ​គួរតែមាន​អាវ​ពោង​សុវត្ថិភាព​បង្ការ​នៅពេលលិច​ទូកដោយ​ប្រការ​ណាមួយ​។​

​ជាការ​កត់សម្គាល់ ក្នុងអំឡុងពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ​មាន​លក្ខណៈ​ល្អប្រសើរ​ដោយ​ពុំមាន​ព្រឹត្តិការណ៍​ណាមួយ​កើតឡើង​ជះ ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ស្ថានភាព​សន្តិសុខ​ឡើយ​។ ក្នុងនោះ ក៏​ពុំមាន​កីឡាករ​អុំ​ទូកង​មាន​គ្រោះថ្នាក់​ដល់អាយុជីវិត​ឡើយ ទោះបីជា​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក ឆ្នាំទៅ មាន​លិច​ទូកង ១១ លើក​ក៏ដោយ​។

​របាយការណ៍ បង្ហាញថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ល្អប្រសើរ​ដែលមាន​ប្រជាពលរដ្ឋ មក​ចូលរួម​កម្សាន្ត​សប្បាយ​ស​រុ​ប្រមាណ ៤,៥​លាន​នាក់​។ ទន្ទឹមនឹងនេះ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​វិធានការ​សន្តិសុខ និង​ដោះស្រាយ​របៀបរៀបរយ​ស​ណ្តា​ប់​ធ្នាប់ និង​សម្រួល​ការកកស្ទះ ប្រកបដោយ​ការយក​ចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​។
​ ​
​ដោយឡែក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល​បី​ថ្ងៃ គិតពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើងចំនួន ៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦​នាក់ និង​របួស​សរុប ៦០​នាក់​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០១៨ ចំនួន​គ្រោះថ្នាក់ចរាចរណ៍ បាន​ថយចុះ ហើយ​ចំនួន​អ្នកស្លាប់ ក៏បាន​ថយចុះ​ដែរ តែ​អ្នករបួស បាន​កើនឡើង​។ នេះ​បើតាម​របាយ ការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​សរុបមក សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ចូលរួម​សប្បាយរីករាយ នឹង​ពិធី​ជួបជុំ ថ្ងៃ​៩​វិច្ឆិកា​អបអរសាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ព្រមទាំង​ការជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ ព្រមទាំង​បន្ត ចូលរួម​សប្បាយរីករាយ​នឹង​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​ថ្ងៃទី​១០-១២​វិច្ឆិកា​។ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ការពារសុខ​សុវត្ថិភាព​ដោយ​មិនអនុញ្ញាត​ឲ្យ​ក្រុម​ជន​ណាមួយ បង្កបញ្ហា​អសន្តិសុខ ឬ​មក​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​ជាដាច់ខាត​។​

​សូម​បងប្អូន​មួយចំនួន ដែល​លង់ខ្លួន​ជឿ​ការឃោសនា​របស់​ក្រុម​ឧទ្ទាម​សមរង្ស៊ី ចេញ​សារភាព​ ហើយ​មក​រួម​សប្បាយក្នុង​ពិធីបុណ្យ​អុំទូក ព្រោះថា មេ​ឧទ្ទាម សមរង្ស៊ី គ្រាន់តែ​ប្រកាស​ចោល គឺ​គ្មាន​ផ្លូវ​វិល​ចូល​ប្រទេស​កម្ពុជានៅ​ថ្ងៃទី ៩​វិច្ឆិកា​ឡើយ​។ ផ្ទុយទៅវិញ មេ​ឧទ្ទាម សម រង្ស៊ី បន្ត​សោយសុខ​នៅ​ស្រុក​បារាំង​។ រីឯ​បងប្អូនដែល​លង់ខ្លួន​នឹងការអំពាវនាវ​ឲ្យ​ចូលរួម​គម្រោង​ធ្វើ​រដ្ឋប្រហារ នឹងត្រូវ​ចាប់ខ្លួនជាមិនខាន​។ តែបើ​បងប្អូនភ្ញាក់រលឹក ចេញ​សារភាព នោះ​រាជរដ្ឋាភិបាល មិន​យកទោស​ពៃរ៍​ទេ ដូច​ករណី​បងប្អូន​ជាច្រើន​បានធ្វើ​រួចមកហើយ​៕ ដោយ​:​ម៉េង​ឆៃ​/Ha