ដោយ: យោធិន / កណ្តាល: សមិទ្ធផលក្នុងវត្តទីបាវសាន ហៅវត្តចុងកោះ ស្ថិតក្នុងឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានដំណើរការស្ថាបនាអស់រយៈពេលបួនឆ្នាំកន្លងទៅ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានសម្របសម្រួលមូលដ្ឋានឃុំកោះឧកញ៉ាតី និងលោកជំទាវនោះ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ បានដំណើរការប្រារព្ធពីធីបុណ្យឆ្លងតាមគន្លងព្រះពុទ្ធសាសនា ក្រោមវត្តមាននាយឧត្តមសេនីយ៍សែមសុវណ្ណនី និងមន្ត្រីក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
សមិទ្ធផលដែលជាប្រយោជន៍បម្រើឲ្យដល់វិស័យព្រះពុទ្ធសាសនា ដែលត្រូវបានប្រារព្ធពិធីបុណ្យឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាមឱវាទព្រះពុទ្ធសាសនា ដោយចំណាយអស់បច្ច័យសរុបចំនួន ៧៥.៣៦៨ដុល្លា ស.រ.អ. នោះរួមមាន: ចាក់សាបក្រោយព្រះវិហារ បូមខ្សាច់បំពេញបរិវេណមុខវត្ត ចាក់សាបមុខព្រះវិហារ និងដាក់លូរំដោះទឹកចេញពីមុខវត្តមួយខ្សែ។
ជាមួយគ្នានេះដែរ ក៏បានរួមចំណែកជាមួយសប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការកសាងព្រះវិហារ ឧបដ្ឋានសាលា (សាលាឆាន់) ដងទង់មុខព្រះវិហារ កុដិថ្ម ក្លោងទ្វារបួនទិស ស្ថាបនាពីបេតុង និងសាលាបឋមសិក្សាចំនួនបីខ្នងក្នុងបរិវេណវត្ត។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបុណ្យឆ្លងសមិទ្ធផលនានាខាងលើនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី រួមនិងសហការី ក្រោមឱវាទក៏បានប្រគេនបច្ច័យកសាងចំនួន ២០.៥១៥ ដុល្លារ ស.រ.អ. បន្ថែមទៀតផងដែរ៕ ល