បុណ្យ​តន្ត្រី​អន្តរជាតិ​លើក​ទី ១៥​ឆ្នាំនេះ​ក្រោម​ប្រធានបទ “​តន្ត្រី និង​ចំណាកស្រុក​”

1711
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​នៅ​ភ្នំពេញ រួមជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​ស្ថានទូត​អាល្លឺម៉ង់​បាន​ចូលរួម​ឧបត្ថម្ភ​ការរៀបចំ​បុណ្យ​តន្ត្រី​អន្តរជាតិ​លើក​ទី ១៥ ក្រោម​ប្រធានបទ “​តន្ត្រី និង​ចំណាកស្រុក​” ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨​ខាងមុខ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​។​

​កម្មវិធី​នៅ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៤ ខែវិច្ឆិកា នៅ​សណ្ឋាគារ រ៉ា​ហ្វ​ឡេស​-​ឡឺ រ៉ូយ៉ាល់​(Raffles Hotel – Le Royal)​។​ពិធី​បើក​ការប្រគំ​តន្ត្រី​នេះ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១ វិច្ឆិកា វេលា​ម៉ោង ៧ យប់​។ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្តទៅ​ស្របគ្នា​នឹង​ការអបអរ​ខួបកំណើត​លើក​ទី ១០០ របស់​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​ភ្លេង​ដ៏​ល្បី​របស់​អាមេរិក នៅ​សតវត្ស​ទី ២០ គឺ​លោក ឡេ​អូ​ណាត ប៊ឺ​ន​ស្ទី​ន​(Leonard Bernstein) ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខាងលើ​បាន​ស្រង់​ប្រសាសន៍​លោក​ឯកអគ្គរដ្ឋទូត វី​លលៀម ហៃ​ត​(William Heidt) ថា ប្រធានបទ​នៃ​បុណ្យ​តន្ត្រី​នេះ ស័ក្តិសម​ណាស់​ទៅនឹង​ប្រវត្តិ​របស់លោក Bernstein និង​ការរួមចំណែក​របស់គាត់ ចំពោះ​វប្បធម៌​អាម៉េរិក ក្នុងនាម​ជា​ជនអន្តោប្រវេសន៍​ម្នាក់​។ លោក Bernstein, George Gershwin និង​តន្ត្រីករ​ដទៃទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​ពិធីបុណ្យ​នេះ បាន​ចាក​ចេញពី​ប្រទេស​របស់គេ ដើម្បី​កសាង​ជីវិត​ថ្មី​មួយ និង​ស្វែងរក​ឱកាស​ថ្មីៗ​។ ជនអន្តោប្រវេសន៍ បានរួម​ចំណែក​យ៉ាងច្រើន​ដល់​ប្រពៃណី​ផ្នែក​សិល្បៈ​របស់​ប្រទេស​អាមេរិក ដោយ​ទាញយក​ប្រយោជន៍​ពី​ប្រពៃណី​របស់គេ​ផ្ទាល់ និង​សង្គម​នៅ​ប្រទេស​អាម៉េរិក ដែលមាន​គំនិត​ច្នៃប្រឌិត​ថ្មី និង​មាន​ភាពរស់រវើក ដើម្បី​បង្កើត​ស្នាដៃ ដែល​ល្បី​បំផុត ផ្នែក​តន្ត្រី នៅ​ជុំវិញ​ពិភពលោក​។

​លោក​ឯកអគ្គរដ្ឋទូត​បន្តថា «​ការប្រគំ​តន្ត្រី​នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ដើម្បី​បង្ហាញ​ការរួមចំណែក​ទាំងឡាយ ដែល​ពលរដ្ឋ​អាមេរិក​មាន​ដើមកំណើត​នៅ​បរទេស បានផ្តល់​។ ខ្ញុំ​សង្ឃឹមថា លោកអ្នក​រីករាយ​នឹង​ការសម្តែង​ដ៏​ល្អ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​នាយក​រៀបចំ​ពិធីបុណ្យ Anton Isselhardt និង​ក្រុម​របស់លោក​»​។​

​ចំណែក​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវបាន​ស្រង់​ប្រសាសន៍ថា ក្នុង ចំណោម​អ្នកសិល្បៈ អ្នកនិពន្ធ​ឈ្មោះ អ៊ុង ជិន​ណា​រី មាន​ដើមកំណើត​នៅ​ខេត្តតាកែវ គឺជា​អ្នកនិពន្ធ​ដ៏​មាន​ជោគ ជ័យ ហើយ​ត្រូវបាន​សាទរ​ជា​អន្តរជាតិ ជាមួយនឹង​ពានរង្វាន់​ល្បីៗ​ជាច្រើន រួម​ជាមួយនឹង​បណ្ឌិត សំ សំអាង អ្នក សិក្សា​ស្រាវជ្រាវ​ផ្នែក​ភ្លេង​ទាក់ទង​នឹង​វប្បធម៌ ដែល​បានធ្វើការ​នៅក្នុង​សហរដ្ឋអាមេរិក និង​នៅ​កម្ពុជា ដើម្បី​ធ្វើការ​អភិរក្ស និង​បំផុស​សិល្បៈ​សម្តែង​របស់​ខ្មែរ​។​

​លោកស្រី​រដ្ឋមន្ត្រី​បន្តថា «​ខ្ញុំ​សង្ឃឹមថា លោក​អ្នកនឹង​រីករាយ​ជាមួយនឹង​ភាពស្មុគស្មាញ និង​ភាព​សម្បូរបែប​នៃ​តន្ត្រី ដែល​ត្រូវបាន​បង្កើតឡើង​នៅក្រោម​កាលៈទេសៈ​ផ្សេងៗ​នៃ​ការធ្វើ​អន្តោប្រវេសន៍ ហើយ​ដឹងថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​រួមចំណែក​ចំពោះ​ការអភិវឌ្ឍ​បែបនេះ​»។
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​អាន www.musicfestival-phnompenh.org ៕សរន

#