បុណ្យ​ទន្លេ​ឆ្នាំនេះ ធ្វើ​នៅ​តាខ្មៅ ក្រោម​ប្រធានបទ ទន្លេ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​

98

(​ភ្នំពេញ​) ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្តកណ្ដាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ក្រោម​ប្រធានបទ «​ទន្លេ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍ The River of Peace Friendship and Sustainable of Tourism» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​០៩-១១ ខែមីនា​។​

​គណៈកម្មការ​អន្តរក្រសួង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នេះ មាន​អនុគណៈកម្មការ​ចំណុះ​ចំនួន​៤​ទៀត រួមមាន​៖​អនុគណៈកម្មការ​រៀប​ចំ​ទស្ស​​នី​យ​ភាព​សិល្បៈ ពិព័រណ៍ និង​ផ្សព្វផ្សាយ អនុគណៈកម្មការ​រៀប​ចំ​សកម្មភាព​កីឡា អនុគណៈកម្មការ​រៀប​ចំ​ខ្លឹមសារ​និង​អនុគណៈ​កម្ម​​ការ​សន្តិសុខ សណ្ដាប់ធ្នាប់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ពិធីបុណ្យ​នេះ​មានការ​តាំងពិព័រណ៍​ម្ហូបអាហារ​ជា​ប្រពៃណី ព្រោះ​ម្ហូបអាហារ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ ប្រពៃណី​របស់​សហគម​ន៍ ទើប​កម្ពុជា​ខិតខំ​ធ្វើ​ឲ្យ​មាន​ពិព័រណ៍​ម្ហូបអាហារ​ផងដែរ ដែល​ម្ហូបអាហារ​នោះ​អាច​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍ ទៅតាម​ស្ដង់ដារ​អន្តរជាតិ​។ អ្វីដែល​ពិសេស​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ គឺមាន​ការរៀបចំ​ព្យុហយាត្រា​លើទឹក​ទន្លេ ហើយ​តាម​ទីតាំង​ភូមិសាស្ត្រ ទី​រួម​ខេត្តកណ្ដាល​នៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​អាច​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ចូលរួម​កម្សាន្ត​ប្រមាណ ១​លាន​៥​សែន​នាក់​។​

​លោក​បន្តថា បុណ្យ​ទន្លេ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ គឺ​កើតឡើង​ពី​នយោបាយ​មួយ ដែល​ឆ្លើយតប​នឹង​សក្តានុពល​ទេសចរណ៍ ដោយបាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍ ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អាស៊ាន ដែលជា​ផលិតផល​ទេសចរណ៍​ឆ្លើយតប​នឹង​ក្របខណ្ឌ​ន​យោ​​បាយ​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង​មហា​អនុតំបន់​មេគង្គ​អាស៊ាន​មេគង្គ​-​គង្គា​ពិសេស​ត្រូវ​រំលេច​ឲ្យ​បាន​សក្ដា​​នុព​ល សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​នៅតាម​ដង​ទន្លេ​មួយ​នេះ ព្រោះ​ប្រជាពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍​ច្រើនណាស់​ពី​ទន្លេមេគង្គ​៕​ដោយ​៖​វិបុល​/sn​