បុណ្យ​បុក​ស៊ី​ង​ដេ​យ៍​មាន​អត្ថន័យ​ប្រហាក់ប្រហែល​ហឹប​ពុទ្ធបូជា​ខ្មែរ​និង​អាំង​ប៉ាវ​ចិន​

197

(​ភ្នំពេញ)​៖ បុក​ស៊ី​ង ដេ​យ៍ (Boxing Day) គឺជា​ថ្ងៃ​សម្រាក សាធារណៈ​សម្រាប់​បណ្តា​ប្រទេស ដែល​គោរព​សាសនា​គ្រិស្ត ហើយ​ត្រូវ បានធ្វើ​នៅ​ថ្ងៃទី​២៦ ខែធ្នូ រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ទីមួយ​ឬ​ទី​ពីរ បន្ទាប់ពី​ថ្ងៃបុណ្យ ណូអែល (Christmas Day) ហើយក៏​បាន ក្លាយជា​ថ្ងៃ​សម្រាក​ដើរ​ទិញ​អីវ៉ាន់ ដ៏ ពាក់​ពពូន​ប្រចាំឆ្នាំ​សម្រាប់​ប្រទេស​ខ្លះ ហើយ​មាន​ផ្នែក​ខ្លះ​មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​ហឹប ពុទ្ធបូជា​ប្រពៃណី ខេ​មរ​ពុទ្ធសាសនិក ហើយ​ទិដ្ឋភាព​ខ្លះ មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​អាំង ប៉ាវ ប្រពៃណី​របស់​ជនជាតិ​ចិន ហើយក៏ ជា​ថ្ងៃ​សម្រាប់​ប្រកួត​កីឡា​ដ៏​សំខាន់​ដែរ ។​
​ ​
​អត្ថន័យ​បុក​ស៊ី​ង ដេ​យ៍​៖
​រូប​សព្ទ នៃ​ពាក្យ​ថា Boxing Day ប្រែ​ថា ថ្ងៃ​នៃ​ការបំពេញ​ប្រអប់ ។ ប៉ុន្តែ​មានការ​ឱ្យនិយមន័យ​ទៅលើ អត្ថន័យ នៃ​ពាក្យ​ថា Boxing Day ជា ច្រើន ។​
​ ​
​បុក​ស៊ី​ង ដេ​យ៍ ត្រូវបានធ្វើ នៅ​ប្រទេស​អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស និង បណ្តា​ក្រុម​រដ្ឋ​សហ​ធន​មួយចំនួន ។ នៅ​ប្រទេស​អៀរ​ឡង់ ពិធីបុណ្យ Boxing Day ត្រូវបាន​គេ​ស្គាល់​ថា ជា​ថ្ងៃបុណ្យ ព្រះអរហន្ត​ស្តេ​ហ្វិ​ន (St. Stephen’s Day) ។ ឆ្នាំ​១៩៩៤ អាហ្វ្រិក​ខាងត្បូង បាន​ប្តូរ បុក​ស៊ី​ង ដេ​យ៍ ទៅជា Day of Goodwill ។
​ ​
​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ នេះ កើត​នៅ អឺរ៉ុប ដោយមាន​តំណាល​ថា នៅ​បច្ឆិម សម័យ​រ៉ូ​ម៉ាំង​គេ​បានដាក់ ប្រអប់​ដែក នៅ​ខាងក្រៅ​វិហារ​នានា នៃ​គ្រិស្ត សាសនា ដើម្បី​ទទួល​អំណោយ​ពី​គ្រប់​មជ្ឈដ្ឋាន សម្រាប់​បូជា​ក្នុង​ពិធីបុណ្យ វិសុទ្ធិ​បុគ្គល ស្តេ​ហ្វិ​ន (Saint Stephen) ដែល​ធ្វើឱ្យ​យើង​យល់បាន​ថា ប្រអប់ ដែក​នេះ មាន​អត្ថន័យ​ប្រហាក់ប្រហែល នឹង​ហឹប​ពុទ្ធបូជា នៅ​ប្រទេស​កម្ពុជា យើង ។
​ ​
​ទង្វើ នៃ​ការដាក់​ឬ​ការបរិច្ចាគ​របស់រប​រ​នានា​ទៅក្នុង​ប្រអប់​ឬ​ហឹប ដែក​នោះឯង​ហើយ ដែល​មានន័យថា “​ការបំពេញ​ប្រអប់​“ ឬ “​បំពេញ​ហឹប​“ ដែលជា​ភាសា​អង់គ្លេស​ហៅថា Boxing (​បុក​ស៊ី​ង​) ។​
​ ​
​មួយទៀត ប្រពៃណី​ទំនៀម ទម្លាប់​ពី​បុរាណ​អង់គ្លេស បន្ទាប់ពី​កម្មករ ឬ​អ្នកបម្រើ​របស់​ពួកគេ​បាន ធ្វើការ​នៅ លើ​កសិដ្ឋាន​ពេញ​មួយឆ្នាំ​ដោយ​ល្អ​មក ម្ចាស់​កសិដ្ឋាន​ឬ​ថៅកែ​រមែង​បាន​អនុញ្ញាតឱ្យ​ពួក កម្មករ​ទាំងនោះ​ឈប់ សម្រាក​ពី​ការងារ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី ២៦ ខែធ្នូ ដើម្បី​ទៅលេង​ស្រុកកំណើត ឬ​ជួបជុំ​គ្រួសារ ។ ពួក​ថៅកែ​តែងតែ​ឱ្យ ពួកកម្មករ​ទាំងនោះ​នូវ​ប្រអប់​មួយម្នាក់​ដែល​ក្នុង​ប្រអប់​នោះ​មាន អំណោយ​ជា អាហារ ចំណី ឬ​សម្លៀកបំពាក់ និង ប្រាក់កាស (​បន្ថែម​លើ​ប្រាក់ខែ​ដែល​គេ​ត្រូវ​ទទួល បាន​ប្រចាំខែ​) ទៅតាម​ទឹកចិត្ត ថៅកែ ។​
​ ​
​ប្រពៃណី​មួយ​នេះ យើង​អាច និយាយបានថា មាន​ភាព​ប្រហាក់ ប្រហែល​គ្នា​ទៅនឹង​ប្រពៃណី​ជនជាតិ ចិន ដែល​ចែក​អាំង​ប៉ាវ ឬ តែ​អៀរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​របស់ ពួកគេ​ដែរ ។​
​ ​
​បុក​ស៊ី​ង ដេ​យ៍ បច្ចុប្បន្ន​
​បច្ចុប្បន្ននេះ សម្រាប់​ពួក ពាណិជ្ជករ​នៅ​អង់គ្លេស ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ ជា​ថ្ងៃ​ដែល​ពួកគេ​ដើរ​ប្រមូល ប្រអប់​ណូអែល (Christmas boxes) ដែល​នៅក្នុង​ប្រអប់​នោះ​មាន​លុយកាក់ ឬ​អំណោយ​ផ្សេងៗ ពី​អតិថិជន​ជាការ អរគុណ​សម្រាប់​ការផ្តល់​ឬ​បម្រើ សេវាកម្ម​របស់​ពួកគេ​ពេញ​មួយឆ្នាំ​មក ។
​ ​
​នៅ​អង់គ្លេស កាណាដា នូ​វែ​ល​សេ​ឡង់ និង​រដ្ឋ​មួយចំនួន នៃ ប្រទេស​អូស្ត្រាលី ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ បាន ក្លាយជា “​ថ្ងៃ​សម្រាក​ដើម្បី​ដើរ​ទិញ អីវ៉ាន់​ប្រចាំឆ្នាំ​” ដែល​ភាសា​អង់គ្លេស ហៅថា A shopping holiday ដែល មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទៅនឹង​ថ្ងៃ បុណ្យ​នៃ​ក្តី​អំណរ (Thanksgiving) នៅ សហរដ្ឋអាមេរិក ។​
​ ​
​ពេញ​មួយថ្ងៃ នៃ​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ នេះ ហាង​លក់ទំនិញ​នានា បាន លក់ទំនិញ​ចុះថ្លៃ​យ៉ាង​លើសលប់ ហេតុ នេះ​ទើប​នៅមុខ​ហាង​លក់ទំនិញ​នីមួយៗ មាន​មនុស្ស​ច្រើន​មីរដេរដាស​ភ្លូក​ទឹក ភ្លូ​កដី នាំគ្នា​ទៅ​តម្រង់​ជួរ​ដ៏​វែង​អន្លាយ ចាំ​ចូល​ទិញ​អី​វាន់ ឯ​ហាង​ខ្លះ​មាន​អ្នក​ប្រជ្រៀត​ស្មា​គ្នា​ចូល​ទិញ​ទំនិញ តាំងពី ព្រលឹម​អុល​រហូតដល់​យប់​ជ្រៅ ហើយ ហាង​ខ្លះ​បាន​បន្ត​លក់ទំនិញ​ក្នុងតម្លៃ​ពិសេស ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ (​តម្លៃ​បញ្ចុះ​យ៉ាង ពិសេស​) នេះ​រយៈពេល​មួយ​សប្តាហ៍ ក៏មាន ដែល​បានន័យថា ពួកគេ​លក់ ទំនិញ​លាង​ឃ្លាំង ។​
​ ​
​ចំពោះ​វិស័យ​កីឡា​វិញ នៅ អង់គ្លេស ស្កុ​តឡែ​ន និង​អៀរ​ឡង់​ខាង ជើង ការប្រកួត​កីឡាបាល់ទាត់ Premier League អង់គ្លេស Premier League ស្កុ​តឡែ​ន និង Premier League អាយ​រី​ស សុទ្ធតែ​បានរៀបចំ​កម្មវិធី​ប្រកួត​ជា ពិសេស សម្រាប់​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ នេះ​។ តាម​ទម្លាប់​ការប្រកួត នៅ​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ នេះ គឺជា​ការប្រកួត​រវាង​ក្រុម ជា​គូប្រជែង​នៅក្នុង​តំបន់​ជាមួយគ្នា ដើម្បី​កុំឱ្យ​ពិបាក ដល់​ក្រុម​កីឡាករ និង ពួក​អ្នកគាំទ្រ​ត្រូវធ្វើ​ដំណើរ​ទៅ​ទី​ផ្សេង ដើម្បី​ប្រកួត និង​ទស្សនា​ការប្រកួត បន្ទាប់ពី​ថ្ងៃបុណ្យ​ណូអែល ដែល​ពួកគេ កំពុង​នៅ​ជួបជុំ​គ្រួសារ ។ ការប្រកួត​ជើងឯក​វាយ​កូ​គោល លើទឹក​កក ជា ច្រើន ក៏បាន​កំណត់​នៅ​ថ្ងៃទី​២៦ ខែធ្នូ នេះដែរ ។

​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក ដែលជា​ក្រុម​រដ្ឋ​សហ​ធន (Commonwealth =​បណ្តា​ប្រទេស​ដែល កាលពី អតីត​ស្ថិតនៅក្រោម​អាណានិគម អង់គ្លេស​) ជាពិសេស​ប្រទេស​ហ្កា​ណា អ៊ូ​ហ្ក​ង់​ដា ម៉ាឡាវី សាម​បៀ និង តង់​ហ្សា​នី ការប្រកួត​ដណ្តើមពាន ផ្សេងៗ ក៏ត្រូវ​បានធ្វើ​នៅ​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ នេះដែរ ។ ហេតុនេះ ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ ក៏បាន​ក្លាយជា​កាលបរិច្ឆេទ​សំខាន់ មួយ​សម្រាប់​ព្រឹត្តិការណ៍ នៃ​ការប្រកួត កីឡា ។​
​ ​
​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ ក៏​ជា​ទិវា​ដ៏ មាន​ប្រជាប្រិយ​ផងដែរ​នៅ​អាមេរិក និង អង់គ្លេស​សម្រាប់​ពួក​ព្រាន ប្រមាញ់​កញ្ជ្រោង ទោះ​ជាការ​បរបាញ់​កញ្ជ្រោង ត្រូវបាន​ហាមឃាត់​កាលពី​ឆ្នាំ​២០០៤ ក៏ដោយ ។​
​ ​
​សរុបទៅ​ថ្ងៃ​បុក​ស៊ី​ង ដេ​យ៍ (២៦ ធ្នូ​) នេះ គឺជា​ថ្ងៃ​សម្រាក ដែល សេសសល់​ពីថ្ងៃ​បុណ្យ​ណូអែល (២៥ ធ្នូ​) ហើយក៏​ជា​ឱកាស​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី នៃ​ឆ្នាំ​សកល​ផង និង​ជា​ឱកាស​លក់ និង​ទិញ​ទំនិញ​លាង​ឃ្លាំង ផងដែរ ៕ ដោយ​៖ មេសា​

​ទិដ្ឋភាព​ក្នុង​ហាង​លក់ទំនិញ​នា​ថ្ងៃ បុក​ស៊ី​ង ដេ​យ៍
​ការប្រកួត​បណ្តែតទូក​ក្តោង​នៅ​ថ្ងៃ បុក​ស៊ី​ង ដេ​យ៍