បុណ្យ​វិសាខបូជា​ថ្នាក់​ខេត្តបន្ទាយមានជ័យ ធ្វើ​នៅ​វត្ត​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​

2279
ចែករម្លែក

​ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រមូលផ្តុំ​មន្ត្រីរាជការ និង​ពុទ្ធសាសនិក​ក្នុង​ខេត្ត​រាប់រយ​រយ​អង្គ​នាក់​ដង្ហែ​ជា​ក្បួន​ពិសាខបូជា​ពី​សាលាខេត្ត ទៅកាន់​វត្ត​វេឡុ​វនា​រាម ឫស្សី​ក្រោក ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ដើម្បី​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា នា​រសៀល​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​កន្លងមក​។​

​ចំណែក​ក្រុង​សិរីសោភ័ណ ពិធីបុណ្យ​នេះ បានធ្វើ​នៅ​វត្ត​គី​រី​ជុំ​ចម្ការ​ខ្នុរ​ភូមិ​-​សង្កាត់​អូរ​អំបិល ដោយ​ទីនោះ​ព្រះគ្រូ ណាប់ ម៉ឺន ព្រះ​វិន័យធរ​គណ​ខេត្ត និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​និង​ព្រះសង្ឃ ពុទ្ធបរិស័ទ​យ៉ាងច្រើន​បានធ្វើ​ពិធី​តាំង​ពីថ្ងៃ​រហូតដល់​យប់​ជ្រៅ ក្រុម​ពន្លឺ​ទៀន​និង​ការ​បង្ហោះគោម បាញ់​កាំជ្រួច​និង​បង្ហើរ​ក្លិន​ផ្កា​ភ្ញី​សក្ការៈបូជា​ដ៏​មនោ​រម្យ​។​

​រីឯ​នៅ​ក្រុង​ប៉ោយប៉ែត លោក​សាន ស៊ានហូ អភិបាលក្រុង និង​មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​គ្រប់​វ័យ​និង​សមាសភាព​ជាង​១១០០​នាក់ ចូលរួម​ដង្ហែរ​ក្បូន​បុណ្យ វិសាខបូជា​ថ្នាក់ស្រុក​ចូល​វត្ត​ស្រះ​ត្រាច​។ ហើយ​នៅ​ស្រុក​ក្រុង​៥​ទៀត ក៏ដូចជា​តាម​វត្ត​អារាម​នានា ក៏មាន​ប្រារព្ធ​បុណ្យពិសាខបូជា​នេះ​យ៉ាង​ជ្រះថ្លា​ផងដែរ​។​

​សូមបញ្ជាក់ថា បុណ្យ​វិសាខបូជា​ដែល​សំខាន់បំផុត សម្រាប់​ព្រះពុទ្ធ​សា​សា​នា​ត្រូវធ្វើ​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ដោយបាន​កំណត់ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល​អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​៖ ១៖ ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា​។ ២៖ ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិ ញាណ និង​៣៖ ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន​៕