បុណ្យ​សមុទ្រ​ឆ្នាំនេះ ចង់បាន​ឲ្យ​មាន​ការកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ឱ្យបាន​ច្រើន​បំផុត​

221
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ទៅកាន់​គ្រប់ផ្នែក​ទាំងអស់ ដែល​ចូលរួម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត នា​ចុងឆ្នាំ​២០១៩ ខាងមុខ​ បាន​អំពាវនាវ​ដល់​អាជីវករ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រួមចំណែក​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះប្រកបដោយ​ភាព​ស្អាត និង​បៃតង​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ថោង ខុន យ៉ាង​ដូចនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀប​ពិធីបុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកំពត នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពីអភិបាល​ខេត្តកំពត និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត​។​

​គួររំលឹកថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» រយៈពេល​ថ្ងៃ​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ​ថ្ងៃទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩​។​

​ក្នុង​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃនេះ មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ដូចជា ការសម្ដែង​សិល្បៈ​របាំ ចម្រៀង មានការ​តាំងពិព័រណ៍ វិថី​ម្ហូបអាហារ ព្រឹត្តិការណ៍​កីឡា​លើគោក និង​លើទឹក ការប្រកួត​ក្បាច់គុន​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នេះ​លោក​រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​គ្រប់​អនុគណៈកម្មការ ដែល​ចូលរួម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ ​ត្រូវ​ចូលរួម​គិតគូរ​លើ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​នានា ការយកចិត្តទុកដាក់​លើ​ការថែរក្សា​អនាម័យ បរិស្ថាន ក៏ដូចជា​ការ​ទុកដាក់​វេច​ខ្ចប់ និង​ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេល កុំឱ្យ​មាន​ហៀរ​ធ្លាក់​ចេញពី​ធុងសំរាម​។​

​ក្រៅពីនោះ ត្រូវ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែលមាន​ទាំង​ការរៀបចំ​បន្ទប់​ស្នាក់នៅ ការតុបតែង​លម្អ​គេហដ្ឋាន ការទទួល​បដិសណ្ឋារកិច្ច អនាម័យ និង​សុវត្ថិភាព​ភ្ញៀវ​ផងដែរ​។​

ចំពោះ​ការសម្រួល​ដល់​អាជីវករ​ត្រូវ​រៀបចំ​ស្ដង់​ជូន​ពួកគាត់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ពិសេស​ត្រូវ​ណែនាំ​ពួកគេ​ឱ្យ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យមាន​ក្រដាស​ធ្លាក់​ក្រោម​តុ ចំណីអាហារ​ដែល​លក់​ជូន​ភ្ញៀវ​ក៏ត្រូវ​មាន​អនាម័យ និង​សុវត្ថិភាព​។ លើសពីនេះ ត្រូវ​ណែនាំ​ឱ្យ​ពួកគាត់​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្កា​ឡូ​នានា ក៏ត្រូវ​បង្កើន​ការទទួល​បដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ពិសេស​សូមកុំ​ដំឡើងថ្លៃ​សវា​កម្ម​របស់ខ្លួន​ហួសហេតុ​ពេក និង​ត្រូវ​រក្សា​គុណភាព​សេវាកម្ម​ឱ្យបាន​ល្អជា​និច្ច​។​

​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ក្តីសង្ឃឹម​ជឿជាក់ថា នឹង​ទទួលបាន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​មិនតិចជាង​៥០​ម៉ឺន​នាក់​ឡើយ​៕ ល​/Ha