បុណ្យ​សមុទ្រ​រយៈពេល​បី​ថ្ងៃ​កម្ពុជា​ទទួលបាន​ចំណូល​២៥​លាន​ដុល្លារ​

821

(​ភ្នំពេញ​)៖​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​អះអាងថា ប្រជាពលរដ្ឋ បាន​ចំណាយ​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​ចូលរួម​​កំសាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ​។​

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកបុណ្យសមុទ្រ


​ ​
​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៥ ធ្នូ​នេះ​ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​សមុទ្រ ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ដល់​២៤​ធ្នូ កន្លងមកនេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត ជាង​៥០​ម៉ឺន​នាក់​ហើយ​​ពួកគេ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​គិត​ជា​មធ្យម​៥០​ដុល្លារ​អាមេរិក ដែល​ស្មើនឹង​ប្រមាណ​២៥​លាន​ដុល្លារ​។​

​លោក​បន្តថា ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ មានការ​ចូលរួម​ពី​អាជីវករ ប្រតិបត្តិ​ករ​ទេសចរណ៍​ជាង​៥០០​ស្តង់​ក្នុងនោះ​ស្តង់​លក់​ផលិត​​ផល​ក្នុងស្រុក​មាន​ជាង​៣០០​ស្តង់ និង​ស្តង់​ផលិតផល​ថៃ​មាន​ជិត​២០០​ស្តង់​។​
​ ​
​លោក​បន្តថា “​ការចំណាយ​បុណ្យ​សមុទ្រ​ឆ្នាំនេះ មាន​ចំនួន​ច្រើន​ប៉ុន្តែ​អាជ្ញាធរខេត្ត​និង​ក្រសួង​ក៏បាន​ទទួល​ចំណូល​ច្រើន​ផងដែរ​ពី​ការ​​ឧបត្ថម្ភ​នានា​”​។​
​ ​
​ការ​ប្រារព្វ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប គឺជា​ការ​ប្រារ​ព​បុណ្យ​លើក​ទី​៦ ជុំ​ទី​២ បន្ទាប់ពី​កម្ពុជា​បានដាក់​ឆ្នេរសមុទ្រ​ចូលទៅក្នុង​ក្លឹប​ឆ្នេរ​​សមុទ្រ​ស្អាត​ជាងគេ​នៅលើ​ពិភពលោក​កាលពី​ឆ្នាំ​២០១២​។​
​ ​
​លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការ​ប្រារព្វ​ពិធីបុណ្យ​សមុទ្រ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ប្រជាជន​បាន​យល់ដឹង​ពី​សមុទ្រ និង​ចូលរួម​ថែរ​រក្សា​បរិស្ថាន​សមុទ្រ​ឲ្យ​បាន​ស្អាត និង​និរន្តរភាព​ពិសេស​ជាការ​លើក​កំពស់​​ការផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ទៅកាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ច្រើន​ថែមទៀត​។
​ ​
​លោក​បន្តថា “​ពិធី​នេះ​ក៏​ជាការ​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​សហគមន៍​ជុំវិញ តំបន់​នោះ​ដោយ​ពួកគេ​អាច​លក់​ផលិតផល​របស់​ពួកគេ​​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​”​។​លោក​បន្តថា “​វិស័យ​ទេសចរណ៍​ជា​វិស័យ​ស្នូល​មួយ​ក្នុងការ​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ដោយ​ភ្ញៀវ​​ទេសចរណ៍​ទៅដល់​ទីណា សកម្មភាព​សេដ្ឋកិច្ច​បាន​បង្កើតឡើង​នៅ​ទីនោះ​”៕​ដោយ៖​ច្រាយ ចំណាន​/sn