បុណ្យ ក្តី​អំណរ អឺរ៉ុប​ប្រហាក់ប្រហែល​នឹង​បុណ្យ ដារ​លាន ខ្មែរ​

244

(​ភ្នំពេញ)​៖ “ ដារ​លាន ” ជា​ឈ្មោះ​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយ​មួយ​ដែល​ប្រជាកសិករ​ខ្មែរ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​ច្រូតកាត់​ប្រមូល​ភោគផល​ដំណាំ​របស់ខ្លួន​រួចរាល់ ។ បុណ្យដារលាន ដែល​តំបន់​ខ្លះ​ហៅថា បុណ្យ​ភូមិ គឺជា​បុណ្យ​រួម​របស់​ភូមិ​នីមួយៗ ដោយ​ប្រជាកសិករ​ស្រុះស្រួល​ជួបជុំគ្នា​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត សំដែងធម៌​ទេសនា រួច​ក៏មាន​សម្តែង​ល្ខោន ឬ សិល្បៈ​របាំ​ប្រពៃណី និង​ជប់លៀង​ច្រៀង​រាំ​សប្បាយ សាទរ​នឹង​ភោគផល​ដែល​ទើប​ទទួលបាន ។

​ពិធីបុណ្យ ដារ​លាន ឬ បុណ្យ​ភូមិ នេះ នៅ​តំបន់​ខ្លះ​គេ​ធ្វើ​អស់​រយៈ​ពេលយប់​មួយ និង ថ្ងៃមួយ ចំណែក​នៅ និគម​ន៍​ខ្លះ​ធ្វើ​រយៈពេល​បី​យប់​បី​ថ្ងៃ ។ ពិធីបុណ្យ ដារ​លាន ឬ បុណ្យ​ភូមិ​នេះ ក៏​ទុក​ថា​ជា​ពិធីបុណ្យ​ត្រៀម​ទទួល ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មកដល់​ក្នុងពេល​មិនយូរប៉ុន្មាន ។ ពាក្យ​ថា “ លាន “ សម្រាប់​កសិករ​ខ្មែរ សំដៅ​ដល់ទី ឬ ធ្លា ដែល​គេ​ពង្រាប​ឱ្យ​រាបស្មើ​សម្រាប់​បញ្ជាន់ បោក​បែន ឬ ហាល​ផលដំណាំ ជាដើម​។

​ពិធីបុណ្យ នៃ ក្តី​អំណរ របស់​ជនជាតិ​អឺរ៉ុប ក៏មាន​អត្ថន័យ​ប្រហាក់ប្រហែល​នឹង​បុណ្យ ដារ​លាន របស់​ខ្មែរ​ដែរ ប៉ុន្តែ​មួយផ្នែក នៃ បុណ្យ ក្តី​អំណរ នោះ ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ក្នុង​គ្រិស្តសាសនា ។ ទិវា​នេះ​ត្រូវបានធ្វើ​ជាទូទៅ តាមបែប​អាមេរិក​នៅ អំឡុង​សប្តាហ៍​ទី​៤ នៃ ខែវិច្ឆិកា ប៉ុន្តែ​តាមបែប​កាណាដា គេ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ទី​២ ខែតុលា ។​

​សម្រាប់​ប្រជាកសិករ​មួយចំនួន​នៅ​អឺរ៉ុប ចុងខែ​វិច្ឆិកា គឺជា​ពេលដែល​ពួកគេ​ទើបតែ​បាន​បង្ហើយ នូវ​ការ​ច្រូតកាត់​ប្រមូល​ភោគផល​កសិកម្ម ហើយ​ជា​ពេលដែល​ពួកគេ​សប្បាយរីករាយ​នឹង​ភោគផល ដែល ពួកគេ​ប្រមូលបាន ។ ពួកគេ​បាន​ប្រា​ព្ធ​ពិធីបុណ្យ​មួយ​ឡើង​ដើម្បី​សម្តែង​ក្តីសប្បាយ​រីករាយ គឺ​ពិធីបុណ្យ នៃ ក្តី​អំណរ ដែលមាន​ឈ្មោះ​ដើម​ជា​ភាសា​អង់គ្លេស​ថា Thanksgiving Day នេះឯង ។ បុណ្យ នៃ​ក្តី​អំណរ នេះ​ពេលខ្លះ​ត្រូវបាន​គេ​ហៅថា “ បុណ្យ​ប្រមូល​ភោគផល “ ( Harvest festival) ។ បុណ្យនៃក្តី​អំណរ ក៏​គឺជា​ពិធី​សាទរ​មុន​ចូលមក​ដល់ នៃឆ្នាំ​ថ្មី​ផងដែរ ។ នេះ​គឺជា​មូលហេតុ​មួយ នៃ ពិធីបុណ្យ នៃ ក្តី​អំណរ ។​

​មូលហេតុ​បុណ្យ​ក្តី​អំណរ​
​មូលហេតុ​ទី​ពីរ គឺ​នៅ​អឺរ៉ុប អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ ស្ថាប័ន​គ្រិស្តសាសនា មានអំណាច​គ្របដណ្តប់ បង្គាប់បញ្ជា​លើ​ស្ថាប័ន​រាជការ និង សង្គម​ស៊ីវិល ។ ប៉ុន្តែ ដោយ​សារភាព​ខ្ចោះ​ជាច្រើន​នៅក្នុង​ទ្រិ​ស្តី​បទ នៃ សាសនា​នេះ ទើប​គ្រិស្តសាសនា បាន​ស្គាល់​បទពិសោធន៍ នៃ ការកែតម្រូវ​អស់​រយៈពេល​ប្រមាណ​ជា​១.៦០០ ឆ្នាំ ហើយ​គម្ពីរ​បាយ​ប៊​ល (BIBLE) ដែលជា​គម្ពីរ​ពិសិដ្ឋ ឬ ជា​គម្ពីរ​គោល របស់​គ្រិស្តសាសនា ត្រូវបាន​កែ តម្រូវ​យ៉ាងហោចណាស់​៤០​ដង ។ នៅ​អំឡុង​សតវត្សរ៍​ទី​១៦ មានការ​កែទម្រង់​ល​ទិ្ធ​យ៉ាងច្រើន​នៅក្នុង​ពិភព គ្រិស្តសាសនា ដែល​គេ​ហៅថា កំណែទម្រង់ ប្រូ​តិ​ស្តង់ ។​

​មុន​ឆ្នាំ​១៥៣៦ ថ្ងៃ​សម្រាក​នៅក្នុង​គ្រិស្តសាសនា និកាយ​កាតូលិក ដែល​តម្រូវឱ្យ​ក្លាយជា​ថ្ងៃ​សម្រាក​សាធារណៈ មាន​ចំនួន ៩៥ ថ្ងៃ​ក្នុង​មួយឆ្នាំ បូក​ជាមួយនឹង​ថ្ងៃអាទិត្យ​ចំនួន​៥២​ថ្ងៃ​ទៀត​ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង ថ្ងៃបុណ្យ ចូលឆ្នាំថ្មី​ដែល​ត្រូវ​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ និង ថ្ងៃ​បុណ្យជាតិ​អន្តរជាតិ​នានា​ផង គឺ​ឃើញថា​មនុស្ស ត្រូវ​ចំណាយ​ថ្ងៃ​មិន​ធ្វើការ​ច្រើន​លើសលប់ ។ យូរៗ​ទៅ​នាំឱ្យមាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​មនុស្ស​ទូទៅ​ក្នុងនោះ មាន​ស្តេច​ហែ​ន​រី ទី​៨ អង់គ្លេស​ជា​ប្រមុខ ។​

​នៅ​ឆ្នាំ​១៥៣៦ មានការ​កែទម្រង់​ជាច្រើន​នៅក្នុង​ពិភព​កាតូលិក ក្នុងនោះ​ក៏មាន​ហេតុការណ៍​មួយ​ផងដែរ ដែល​ក្លាយជា​ប្រវត្តិសាស្ត្រ​គឺ​ការកាត់បន្ថយ​ថ្ងៃ​សម្រាក​ក្នុង​គ្រិស្តសាសនា​ពី​៩៥ ថ្ងៃ ក្នុង​មួយឆ្នាំ ឱ្យនៅ​ត្រឹមតែ ២៧​ថ្ងៃ ក្នុង​មួយឆ្នាំ​វិញ ។ ក្នុង​រយៈពេល​នោះ មាន​ចលនា​ខ្លះ​បានទាមទារ​ឱ្យ​លប់បំបាត់ចោល​ទាំងស្រុង តែម្តង​នូវ​ពិធីបុណ្យ និង ថ្ងៃ​សម្រាក​ក្នុង​គ្រិស្តសាសនា ដោយ​រួមទាំង​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស ផង ។ ថ្ងៃ​សម្រាក នៅក្នុង​គ្រិស្តសាសនា​ដែល​ត្រូវបាន​លប់ចោល​ទាំងនោះ​ត្រូវបាន​ជំនួស​ដោយ​ថ្ងៃបុណ្យ នៃ ក្តី​អំណរ តែមួយ​មុខ​វិញ ។ ពិធីបុណ្យ នៃ ក្តី​អំណរ ឈ្មោះថា ជា​បុណ្យ​របស់​គ្រិស្ត​សា​នា ដោយសារ​ថ្ងៃ​សម្រាក​របស់ សាសនា​គ្រិស្ត ត្រូវបាន​គេ​កាត់ចោល​ពី​៩៥ ថ្ងៃ មក​នៅ​២៧ ថ្ងៃ ហើយ​ថ្ងៃ​ដែល​ត្រូវបាន​កាត់ចោល​នោះ ត្រូវបាន​យកមក​បញ្ចូល​ក្នុង​ថ្ងៃបុណ្យ នៃ ក្តី​អំណរ ដោយ​ប្រការ​យ៉ាង​នេះឯង ។​

​ដំណើរ​រីកសាយ​
​នៅ​អំឡុង​ទសវត្សរ៍​១៦២០-១៦៣០ ជន​ចំណាកស្រុក​អង់គ្លេស​មួយចំនួន​បាន​ចូលទៅ​រស់នៅ​ទឹកដី​អាមេរិក ហើយ​ពួកគេ​បាន​ប្រារព្ធ​ពិធីបុណ្យ នៃ ក្តី​អំណរ មុនដំបូង​នៅ​ឆ្នាំ​១៦២១ នៅឯ Plymouth ដែល​បច្ចុប្បន្ន​គឺ​រដ្ឋ ម៉ាស្សាឈូសេត​ស៍ ហើយ​នៅ​ឆ្នាំ​១៦៣១ ពិធីបុណ្យ​នេះ ក៏បាន​រីកសាយ​ទៅ​ដល់ទី​ប្រុង បូ​ស្តុ​ន​។ ក្រោយមក ក៏មាន​អ្នកដឹកនាំ​រដ្ឋ និង អ្នកដឹកនាំ​សាសនា​បានប្រកាស​ធ្វើ​ពិធីបុណ្យ នៃ ក្តី​អំណរ ជា​បន្តបន្ទាប់ ។ ទីបំផុត​ប្រធានាធិបតី​មុនដំបូង​គេ​បំផុត​របស់​អាមេរិក គឺ​លោក ច​ច វ៉ា​ស៊ី​ង​តុ​ន បានប្រកាស​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ នៃ ក្តី​អំណរ ទូទាំង​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៧៨៩ ។​

​បុណ្យ​ក្តី​អំណរ​បែប​កាណាដា​
​ជនជាតិ​កាណាដា ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជនជាតិ​សំខាន់​មួយ​ក្នុងចំណោម​ជាតិ​ស​សាសន៍ សំខាន់ៗ​ទាំងពីរ (​អាមេរិក​) ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ នៃ ក្តី​អំណរ នេះ​មុនគេ ។ នៅ​ប្រទេស កាណាដា ដែល​បាន​ប្រារព្ធ ពិធីបុណ្យ នៃ ក្តី​អំណរ មុនគេ គឺ​លោក ម៉ា​ទីន ហ្វ្រូ​ប៊ី​ហ្ស៊ឺ​រ៍ ដែលជា​អ្នករុករក​ផ្លូវ​ចេញពី​អង់គ្លេស ទៅ​មហា​ស​មុ​ទ្ធ​ប៉ាស៊ីហ្វិក ។ គាត់​បាន​ប្រារព្ធ​ពី​ធី​នេះ​នៅលើ​កោះ មួយ​ឈ្មោះ បា​ហ្វី​ន នៅ​ឆ្នាំ​១៥៧៨ ហើយ​គាត់​ប្រារព្ធ​ពិធី​នោះ​ឡើង ពុំមែន​ដើម្បី​សម្តែង​ក្តី​រីករាយ​នឹង ភោគផល​ដំណាំ ដូច​ពួកកសិករ ឬ ក៏​ក្នុង​អត្ថន័យ​សាសនា​ឡើយ ប៉ុន្តែ​លោក ម៉ា​ទីន ហ្វ្រូ​ប៊ី​ហ្ស៊ឺ​រ៍ ធ្វើ​ពិធីបុណ្យ នៃ ក្តី​អំណរ ដើម្បី​សម្តែង​ក្តី​ត្រេកអរ ដែល​គាត់​នៅ​រក្សា​ជីវិត​បាន បន្ទាប់ពី​បាន​ជម្នះ​ធ្វើដំណើរ ដ៏​វែងឆ្ងាយ​ចេញពី​ប្រទេស​អង់គ្លេស កាត់​ព្យុះ​ព្រឹល និង ផ្ទាំង​ទឹកកក គឺ​ប្រហាក់ប្រហែល​នឹង ប្រពៃណី​ខ្មែរ ធ្វើបុណ្យ​ហៅ​ព្រលឹង​ដូច្នោះ​ដែរ​។

​ប៉ុន្តែ​ឯកសារ​ខ្លះ​អះអាងថា ប្រទេស​កាណាដា អ្នក​ដែល​បាន​ប្រារព្ធ​ពិធី បុណ្យ នៃ ក្តី​អំណរ មុនគេ គឺ​អ្នក​តាំង​ទីលំនៅ​ជនជាតិ​បារាំង ដែល​បាន​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​កាណាដា ជាមួយនឹង​អ្នក ស្រាវជ្រាវ​បារាំង​ម្នាក់​ឈ្មោះ Samuel de Champlain នៅ​ដើម​សតវត្សរ៍​ទី​១៧ ហើយ​ពួកគេ​ក៏បាន​ធ្វើឱ្យ​ពិធី បុណ្យ នៃ ក្តី​អំណរ នេះ រីកសាយ​តាមរយៈ​ការចែក​អាហារ​របស់​ពួកគេ​នៅក្នុង​ថ្ងៃបុណ្យ នៃ ក្តី​អំណរ នោះ​ទៅឱ្យ​អ្នកជិតខាង​ដែលជា​ជនជាតិ​កាណាដា ហើយ​ពួក​ម្ចាស់​ស្រុក​ក៏​នាំគ្នា​ធ្វើតាម​ជនជាតិ​បារាំង​ទាំង នោះ ។

​បច្ចុប្បន្ន ទិវា​បុណ្យ នៃ ក្តី​អំណរ គឺជា​ថ្ងៃ​សម្រាក​សាធារណៈ​នៅ​អឺរ៉ុប និង ជាតិ​សាសន៍​មួយចំនួន នៅ​អាស៊ី ។ ទោះជា បុណ្យ នៃ ក្តី​អំណរ​មាន​ផ្នែក​ខ្លះ​មានកំណើត​ចេញពី​សា​សា​នា​ក៏ដោយ ក៏​វា​ត្រូវបាន គេ​ធ្វើជា​លក្ខណៈ បុណ្យ​របស់​ឃរាវាស ពោលគឺ​ពុំមែន​ជា​បុណ្យ​របស់​បព្វជិត​ឡើយ ។

​អាហារ​ពេល​ល្ងាច​ជួបជុំគ្នា​នៅក្នុង​គ្រួសារ​គឺជា​អាហារ​ដ៏​ធំ​មួយ ហើយ​អាហារ​ដែល​ពេញនិយម​បំផុត សម្រាប់​គ្រួសារ​នីមួយ​បរិភោគ​នៅក្នុង​ឱកាស​បុណ្យ នៃ ក្តី​អំណរ នេះ គឺមាន់​ទួ​ក​គី​ដុត ឬ បំពង (​ដូចជា​ជនជាតិ​ចិន ពេញនិយម​ជ្រូក​ខ្វៃ​នៅក្នុងពេល​សែន​ចូលឆ្នាំ​ចិន​ដែរ​)​។

​ចំពោះ​ប្រធានាធិបតី​អាមេរិក ថ្ងៃបុណ្យ នៃ ក្តី​អំណរ ពុំមែន​ជា​ពេល​សម្រាប់​បរិភោគ​សាច់មាន់ ទួ​ក​គី​បំពង​ដ៏​មាន​ក្លិន​ឈ្ងុយ និង រសជាតិ​ឆ្ងាញ់​ស្រក់ទឹកមាត់​ឡើយ ប៉ុន្តែ​វា​ជា​ពេលដែល​ពួកគេ (​ប្រធានាធិបតី​អាមេរិក​) ផ្តល់​អភ័យ​ទាន​ដល់​មាន់​ទួ​ក​គី​ទៅវិញ ដែលជា​តំណាងឱ្យ​ការផ្តល់​អភ័យ​ដល់ បក្សី​បក្សា​ទាំងឡាយ ហើយ​ជាការ​បញ្ជាក់ថា ពួក​បក្សាបក្សី​ទាំងឡាយ​នឹង​អាច​ច្រៀង​ផ្តោះផ្តង​ឆ្លង ឆ្លើយ​គ្នា តាម​សប្បាយ​ពេញ​មួយជីវិត ពោលគឺ​ពួក​បក្សី​បក្សា​ទាំងឡាយ​ពុំមែន​កើតមក​ក្នុង​លោក​នេះ​សម្រាប់ បម្រើ ជា​អាហារ​របស់​មនុស្ស ឬ អាហារ​របស់​សត្វ​ជំពូក​ណាមួយ​ឡើយ ។ ពិធី​នេះ​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​១៩៤៧ ដោយ​ប្រធានាធិបតី ហារី ទ្រូ​មែន (Harry Truman) ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

​មាន់​តួ​ក​គី​ដុត ជា​អាហារ​ដ៏​ពេញនិយម​សម្រាប់​ប្រើ​ក្នុងឱកាស​បុណ្យ នៃ ក្តី​អំណរ ខណៈ​ប្រធានាធិបតី អាមេរិក​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុងការ​ផ្តល់​អភ័យ​ទាន​ដល់​មាន់​តួ​ក​គី​ទៅវិញ (thanks 1, thanks 2)