បុត្រា​របស់​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន មាន​ព្រះនាម​ហើយ គឺ​អា​ឈី​

590
ចែករម្លែក

​ព្រះអង្គម្ចាស់​ហារី​របស់​ចក្រភព​អង់គ្លេស​និង​មហេសី​របស់​ទ្រង់ មេ​ហ្គា​ន បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា​ថា ពួក​ទ្រង់​បានដាក់​ឈ្មោះ​បុត្រា​ទើប​ប្រសូត​របស់​ពួក​ទ្រង់​ថា អា​ឈី (Archie) ។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​គណនី Instagram របស់​ពួក​ទ្រង់ ដែល​អម​ជាមួយ​រូបភាព​របស់​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​រួមជាមួយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​ត​និង​ស្វាមី​របស់​ទ្រង់ ព្រះអង្គម្ចាស់​ហ្វី​លី​ព និង​ម្ដាយ​របស់​ព្រះ​នាង​មេ​ហ្គា​ន​ឈ្មោះ ដូ​រី​យ៉ា រ៉ា​គ្លែ​ន (Doria Ragland) ទ្រង់​ទាំងពីរ​មានបន្ទូលថា បុត្រា​ជួរ​ទី​៧​នៅក្នុង​បល្ល័ង្ក​របស់​អង់គ្លេស​នឹងត្រូវ​គេ​ស្គាល់​ថា អា​ឈី ហារី​សុន ម៉ោ​ត​បាត​ធិ​ន វីន​ស័​រ (Archie Harrison Mountbatten-Windsor)​។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សែ​រាជវង្ស​ថ្មី​អង្គ​នេះ​ទទួលបាន​រសជាតិ​ដំបូង​នៃ​ជីវិត​របស់​ទ្រង់ ខណៈដែល​ព្រះ​នាង​មេ​ហ្គា​ន និង​ព្រះអង្គម្ចាស់​ហារី បានបង្ហាញ​ព្រះកាយ​ជាមួយ​បុត្រា​នៅ​ពីមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយក្រុម​តូច​នៅឯ​វិហារ St George’s ក្នុង​វិមាន Windsor កន្លែង​ដែល​ពួក​ទ្រង់​បានរៀបចំ​ពិធី​រៀប​អភិសេក​កាល​ពីមួយ​ឆ្នាំមុន ដោយ​មានបន្ទូលថា “​មហា​អំណរ​តូច​ច្រ​ម៉ក់​” របស់​ពួក​ទ្រង់​គឺជា​វេទមន្ត​អស្ចារ្យ​ក្រៃលែង​។​

​ព្រះអង្គម្ចាស់​ហារី​បាន​ឱប​បុត្រា​យ៉ាង​ណែន ដែល​រុំ​ក្នុង​កន្សែង​ពណ៌​ស​និង​ពាក់មួក​ស​។​

​នៅពេល​សួរថា​តើ​មាន​អារម្មណ៍​បែបណា​ដែល​បាន​ក្លាយជា​មាតា ព្រះ​នាង​មេ​ហ្គា​ន​បាន​មានបន្ទូលថា “​វា​ជា​វេទមន្ត វា​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​ឥឡូវ​មាន​បុរស​អស្ចារ្យ​បំផុត​ពីររូប​នៅក្នុង​ពិភពលោក ដូច្នេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​”៕ ដោយ៖ កញ្ញាដាលីស

បុត្រា​របស់​ព្រះអង្គម្ចាស់​ហារី​និង​ព្រះ​នាង​មេ​ហ្គា​ន​មានឈ្មោះ​ហើយ គឺ អា​ឈី