បុរសពីរនាក់ជិះម៉ូតូដេញស្ទាក់ វាយយុវជនពីរនាក់ដូចគ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ឯជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

206
ចែករម្លែក

ដោយ:ម៉ារ៉ា:ភ្នំពេញ: បុរសម្នាក់ក្នុងចំណោមបក្ខពួក ពីរនាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួន ក្រោយពីបានជិះម៉ូតូមួយគ្រឿង ដេញស្ទាក់វាយយុវជនពីរនាក់បងប្អូនកំពុងជិះម៉ូតូបណ្តាលឲ្យបងរងរបួសធ្ងន់​ប្អូនរបួសស្រាល កាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចខាងលិចការ៉ាសសាំងតូតាល់ ប្រមាណជាង ១០០ ម៉ែត្រ​តាមបណ្ដោយផ្លូវ ១៩៦២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនដៃដល់ម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មាស សារ៉ូ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបុក្គលិកធ្វើការនៅក្រុមហ៊ុនមួយកន្លែង មានស្រុក​កំណើតភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះទី១/ ជាបងមានឈ្មោះ ឡេង សុខខុន ភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្បែរកន្លែងកើតហេតុ(រងរបួសធ្ងន់)។ទី២/ប្អូនមានឈ្មោះ ឡេង សុខណាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ​មុខរបរដូចគ្នា​ស្នាក់នៅជាមួយគ្នា(រងរបួសស្រាល)។

ជនរងគ្រោះត្រូវជាប្អូនបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់ពីរនាក់បងប្អួន​បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ខ្មៅលាយទឹកក្រូច​ពាក់ផ្លាកលេខភ្នំពេញ1DF-4407ចេញពីកន្លែងធ្វើការនៅម្ដុំទំនប់កប់ស្រូវ​ក្នុងខណ្ឌព្រែកព្នៅ បំណងត្រឡប់មកផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦២ ទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ​លេចមុខបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌សមិនចាំផ្លាកលេខ​បានមកពីក្រោយ ហើយបានស្ទាក់ម៉ូតូរូបគេពីរនាក់បងប្អូនឲ្យឈប់។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកបុរសទាំងពីរនាក់ខាងលើ បានសួរនាំទៅលើរូបគេថាដូចជាស្គាល់អូនឯងទាំងពីរនាក់ ភ្លាមៗ​នោះរូបគេទាំងពីរនាក់បងប្អូនមិនទាន់បានឆ្លើយតបវិញផង ស្រាប់តែ​បុរសដែលជាជនដៃដល់ម្នាក់នៅអង្គុយខាងក្រោយបានលោតមកដាល់បងប្រុស​របស់គេចំនួនបីដៃបណ្ដាលឲ្យដួលនិងរបូតមួកសុវត្ថិភាពចេញពីក្បាល​ស្រាប់តែជាន់ដៃដល់បានរើសមួកបងប្រុសរបស់គាត់យកមកវាចំផ្ទៃមុខមួយមួកថែមទៀតបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈនោះដែរ​ក៏ប្រទះនឹងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍និងឃាត់ខ្លួនបានជនដៃដល់នៅកន្លែងកើតហេតុម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបាន​ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ចំណែកជានរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកដាក់តាមម៉ូតូកង់បីយកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែង ដោយសាររងរបួសធ្ងន់ធ្ងរពេកត្រូវបាន​បញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនដៃដល់និងជនរងគ្រោះមក​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ចំណែកជន​ដៃដល់សមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕/Ha