បុរសម្នាក់ជិះម៉ូតូរអិលេប្រេងម៉ាស៊ីន ​នៅលើថ្នល់ដួលចូលក្រោមត្រូវរថ​​យន្តដឹកដី បណ្តាលស្លាប់ភ្លាមៗ

217
ចែករម្លែក

ដោយៈ សាវរក្ស/ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ខណៈបុរសម្នាក់ ជិះម៉ូតូរអិលប្រេងម៉ាស៊ីនដែលកំពប់នៅលើថ្នល់ដួលចូលក្រោមត្រូវរថយន្តដឹកដី បណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវបេតុងមួយកន្លែងកែងនិងផ្លូវលេខ៥៩៨ ក្បែរ និងអង្គភាពចុះបញ្ជីរថយន្ត នាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

សពជនរងគ្រោះមានឈ្មោះ ឃៀងចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកHonda Vario សេរីឆ្នាំ២០១៩ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU.8547 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងល្បឿនលឿនល្មម ខណៈដល់ចំណុចកើតហេតុ ស្រាប់តែរអិលជាមួយនិងប្រេងម៉ាស៊ីនលើថ្នល់ ក៏បណ្តាល ជនរងគ្រោះដួលខ្ទាត ចូលក្រោមរថយន្តដឹកដីដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ​ជន​រងគ្រោះស្លាប់បាត់បង់ជិវិតភ្លាមៗនៅនិងកន្លែងកើតហេតុ រថយន្តដឹកដីនោះម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A.4273 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួច ទំនាក់ទំនងទៅកម្លាំងជំនាញអោយមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ដោយឡែកសពត្រូវបានប្រគល់ឲ្យបងប្អូនដឹកយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕B/