បុរសម្នាក់ដើរឆ្លងផ្លូវ មិនប្រយ័ត្ន​ ត្រូវរថយន្ដបុកស្លាប់

338
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសវ័យកណ្ដាលម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មលើ​កំណាត់ផ្លូវជាតិលេខ១ ខណៈគាត់បានដើរឆ្លងផ្លូវនាពេលយប់មិនប្រយ័ត្ន ត្រូវ​រថយន្ដមួយគ្រឿង បុកចំពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើង​នាវេលាម៉ោង​២១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុក​ស្វាយទាប។

តាមប្រភពពីមន្រ្ដីនគរបាលបានឱ្យដឹងថា រថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៌​ទឹក ប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP-៥៥០២ បើកបរដោយឈ្មោះ គុជ ភារម្យ ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជាជាងអគ្គិសនី រស់នៅក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត​ ខេត្តស្វាយរៀង។

បើតាមប្រភពពីប្រជាពលរដ្ឋ បានរៀបរាប់ថា មុនពេលកើតហេតុ គេបានឃើញ​បុរសរង​គ្រោះឈ្មោះ កែវ សារ៉ាត់ អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ​ កើតហេតុ បានដើរឆ្លងផ្លូវពីត្បូងទៅជើង។ លុះពេលជិតដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្ដខាងលើមកដល់យ៉ាងលឿន បុកចំជនរងគ្រោះខ្ទាតជាង​១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប្រភពបន្ដថា ខណៈនោះរថយន្ដបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវ​សមត្ថកិច្ច​តាមឃាត់ជាប់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយ​នៅពេលក្រោយ៕B/Ha