បុរសម្នាក់បើករថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បុករថយន្ត​ព្រូស​រងការខូចខាត ប្រកែកគ្នា​យកត្រូវរៀងខ្លួន

75
ចែករម្លែក

ដោយ:ម៉ារ៉ាៈ ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តពាក់ផ្លាក​លេខខេមរភូមិន្ទមួយគ្រឿងជ្រុលទៅបុករថយន្តតូយូតាព្រូសបើកបត់ឆ្លងផ្លូវពី​ក្រោយបណ្ដាលឲ្យបែកស្តុបខាងក្រោយមួយចំហៀងខាងស្តាំរងការខូចខាតភាគីទាំងសងខាង ប្រកែកគ្នាបែកផ្សែងយកត្រូវរៀងខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ២០២០ស្ថិតនៅចំណុចស្តុបបែកជាបួន​តាមបណ្តោយព្រះមុនីវង្សកែងនឹងផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​គេឃើញ​ស្ត្រីម្នាក់រួមដំណើរនិងស្ត្រីក្មេងចាស់ពីរនាក់ទៀតបើករថយន្ដតូយូតាព្រូសពណ៌​ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BC-5074ធ្វើដំណើរតាមបណ្ដោយផ្លូវ​ព្រះមុនីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើត​ហេតុខាងលើបានបត់ឆ្វេងដៃឡើងលើចិញ្ចើមផ្លូវទៅឈប់នៅមុខផ្ទះឱសថស្ថាន​មួយកន្លែងមិទាន់បានឈប់ផង ក៏មានរថយន្តមួយគ្រឿងម៉ាកហ្វរ៉េន័រពណ៌ស​ពាក់ផ្លាកលេខខេមរភូមិន្ទ02 2-6489បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា​ជោកធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក​រថយន្តតូយូតាព្រូសពីក្រោយផ្នែកខាងស្ដាំបណ្ដាលឱ្យបែកស្តុបរងការខូចខាត​បន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងខ្លួន​ដោយមិនមានភាគីខាងណាខុស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះ​សម្រួលគ្នាអស់រយៈពេលជាង១ម៉ោងដោយភាគីសងខាងនៅតែប្រកែកយកត្រូវ​រៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕/Ha