បុរសអ្នកបកប្រែចិនម្នាក់ បើករថយន្តបុកក្បាលនាគ រងគ្រោះស្លាប់ខ្លួនឯង

924
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្ត morning មួយគ្រឿងបើកបោះពួយល្បឿន លឿន ជ្រុលគេចមិនទាន់ទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ បាក់ខ្ទេចអស់៣កង់ ខ្ទេចទាំងរថយន្ត និងថែមស្លាប់ខ្លួនឯងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​ ៤និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាកmorning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375 មានម្ចាស់អ្នកបើកបរឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរបកប្រែចិនរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿន​លឿន​ពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះស្រវឹង ឬងងុយដេក ទើបជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចផ្ទុះគ្រាប់បែក ដោយរថយន្តវិលមួយជុំ ឯក្បាលនាគទ្រូងផ្លូវបាក់បែក អស់ចំនួន៣កង់។ រីឯអ្នកបើកបរក៏រងគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្ដង ទោះជាពលរដ្ឋជួយទាញចេញ បំណងយកទៅសង្គ្រោះក៏មិនទាន់ផង ។

បើតាមសាច់ញាតិ មិត្តភ័ក្តិរួមការងារ បានឲ្យដឹងថា ពួកគាត់មិនបានឃើញជនរង​គ្រោះដេកស្នាក់នៅបន្ទប់ជួលដែរកាលពីយប់មិញ មិនដឹងថា ជនរងគ្រោះទៅដេក​ឯណាដែរ។ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮដំណឹងថាជនរងគ្រោះជួបរឿង​អកុសល​​បែបនេះទៅវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសាកសព រួចក៏ប្រគល់ជូនក្រុម​គ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។ ដោយឡែក​រថយន្ត​ ត្រូវបានសមត្ថកិច្ច ស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងឯកសារទៅតាមនីតិវិធី ៕B/Ha