បុរស​កម្ពុជា​៣​នាក់​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ការលក់​អាវុធ​ទៅអោយ​ថៃ​

1391
ចែករម្លែក

(​ស្រះកែវ​)៖​ចាត់ការ​តាម​សំណើ​របស់​ប៉ូលិស​ថៃ​ ​ប៉ូលិស​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កក្កដា​បាន​ចាប់ខ្លួន​បុរស​អាយុ​៣៦​ឆ្នាំ​ម្នា​ក់នៅ​ខេត្ត​បាត់​​ដំបង​និង​ការចាប់ខ្លួន​បុរស​នេះ​នាំ​ដល់​ការចាប់ខ្លួន​បុរស​២​នាក់​ទៀត​នៅក្នុង​ខេត្ត​ដដែល​,​នេះ​បើតាម​ការចេញផ្សាយ​រប​ស់កា​សែត​ថៃ​ ដឺ ណេ​សិន​កាលពី​ថ្ងៃ​សៅរ៍​។​

​កាសែត​ដដែល​បាន​និយាយថា​ ​នៅ​ថ្ងៃ​សៅរ៍​ប៉ូលិស​កម្ពុជា​បាន​នាំ​ជនសង្ស័យ​ទាំង​៣​ទៅធ្វើ​ត្រាប់​សកម្មភាព​ឧក្រិដ្ឋ​របស់គេ​នៅ​ចំណុច​ព្រំដែន​មួយ​ក្នុងភូមិ​បាន ប៉ៃ ខៀវ ក្នុង​ឃុំ​តា​បុ​ន តាប​ព្រីក ក្នុង​ស្រក​អារញ្ញ ខេត្ត​ស្រះកែវ​។​

​បើតាម​ដឺ ណេ​សិន ថៃ​បាន​ស្នើសុំ​អាជ្ញាធរ​កម្ពុជា​អោយ​ចាប់ខ្លួន​អ្នកផ្គត់ផ្គង់​អាវុធ បន្ទាប់ពី​ប៉ូលិស​ខេត្ត​ស្រះកែវ​ចាប់ខ្លួន​បុរស​ថៃ​៦​នាក់​​ចំពោះ​ការព្យាយាម​ដឹកជញ្ជូន​អាវុធ​សង្គ្រាម​ចូល​ប្រទេស​ថៃ​តាម​រថយន្ត​២​គ្រឿង​កាលពី​ថ្ងៃ​អង្គារ​។

​សព្វាវុធ​ដកហូត​អាវុធ​ធុន​ធ្ងន់​រួមមាន កាំភ្លើងត្បាល់​ប្រភេទ​៨២​មី​លី​ម៉ែត្រ ចំនួន​២​ដើម និង​៨០​មី​លី​ម៉ែត្រ ចំនួន​១​ដើម ព្រមទាំង​គ្រាប់​រ៉ុ​ក​កែ​ត ៣​ឈុត រថយន្ដ​៣​គ្រឿង និង​ទូរស័ព្ទ​៦​គ្រឿង​។ ការបង្ក្រាប​នេះ​នៅត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង ស្ថិតនៅលើ​កំណាត់​ផ្លូវ​លេខ​៣៥៩ ក្នុងភូមិ​៧ ឃុំ​ស្រះ​ខ្វាន់​ស្រុក​មឿង​ស្រះកែវ ខេត្ត​ស្រះកែវ កាលពី​វេលា​ម៉ោងជាង​១២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ជុំវិញ​ការចាប់​អាវុធ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានធ្វើការ​បដិសេធថា​មិនមាន​ការនាំ​អាវុធ​ចេញពី​យោធភូមិភាគ​ទី​៥ នៅក្នុង​ខេត្តបន្ទាយមានជ័យ យកទៅលក់​នៅ​ថៃ​នោះទេ​។ ការបដិសេធ​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា នេះ គឺ​បន្ទាប់ពី​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួនបាន​ឆ្លើយ​សារភាពថា​អាវុធ​ទាំងនោះ​នាំចេញ​ពី​យោធភូមិភាគ​ទី​៥ នៅក្នុង​ខេត្ត​​បន្ទាយមានជ័យ ដើម្បី​នាំយកទៅ​លក់​ឲ្យ​ជនជាតិ​ថៃ​២​នាក់​៕ដោយ៖វាសនា

ជនសង្ស័យ​ត្រូវបាននាំទៅធ្វើ​ត្រាប់​សកម្មភាព​ឧក្រិដ្ឋ​របស់គេ​នៅ​ចំណុច​ព្រំដែន​ក្នុង​ស្រក​អារញ្ញ ខេត្ត​ស្រះកែវ​​

អាវុធដែលអាជ្ញាធរថៃចាប់បានកាលពីថ្ងៃអង្គារ