បុរស​កូរ៉េខាងត្បូង​ស្លាប់ បន្ទាប់​ពី​ដុត​ខ្លួនឯង​នៅមុខ​ទូត​ជប៉ុន​

378
ចែករម្លែក

​បុរស​កូរ៉េខាងត្បូង​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា ក្រោយពី​បាន​ដុត​ខ្លួន​ឯង​នៅមុខ​ស្ថានទូត​ជប៉ុន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ចំ​ពេល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ពាណិជ្ជកម្ម​​និង​ការទូត​។​

​បុរស​អាយុ​ខ្ទង់​៧០​ឆ្នាំ​ប្លាយ​បានចាប់ផ្តើម​ដុត​ខ្លួន​នៅក្នុង​រថយន្ត​របស់​គាត់​នៅមុខ​ស្ថានទូត​និង​បាន​ស្លាប់​ក្រោយ​ពី​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​។​

​អាជ្ញាធរ​បាន​និយាយថា បំពង់​បាញ់​ពន្លត់ភ្លើង​ប្រមាណ​២០ ក៏​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​របស់​គាត់​។​

​របាយការណ៍​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​និយាយថា ឪពុកក្មេក​រប​ស់បុរ​ស​នេះ ជា​ជនរងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សម័យ​សង្គ្រាម​ជប៉ុន​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ចំពេល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូល​និង​តូ​ក្យូ​ហាក់​កាន់តែ​តានតឹង​នឹង​គ្នា​ខ្លាំង​ឡើង​ទោះជា​អាម៉េរិក​បាន​ធានា​ជួយ​សម្រុះសម្រួ​លក្តី​។​

​សូមបញ្ជាក់​ថា ជប៉ុន​កាលពី​ខែ​មុន​បាន​បញ្ចេញ​វិធានការ​រឹតបន្តឹង​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ទៅ​កាន់​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ខាងត្បូង​ដូចជា Samsung Electronics​។​រដ្ឋាភិបាល​ក្រុង​តូ​ក្យូនិយាយ​ថា វិធានការ​របស់​ខ្លួន​មាន​ភាពចាំបាច់​ដោយសារ​តែ​ខ្លួន​«​បាត់បង់​ការជឿទុកចិត្ត​»​ក្នុង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូល​​ចំ​ពេល​មាន​ការចោទប្រកាន់​ថា​ថា កូរ៉េខាងត្បូង​អាច​ដោះស្រាយ​វត្ថុធាតុដើម​សំខាន់ៗ​នាំ​ទៅ​ពី​ជប៉ុន​ទាំងនេះ​មិន​បាន​ត្រឹមត្រូវ​ជា​ហេតុនាំអោយ​ធ្លាក់​ដល់ដៃ​កូរ៉េខាងជើង​។​

​តែ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និយាយថា ជប៉ុន សងសឹក​ការសំរេច​របស់​តុលាការ​កូរ៉េខាងត្បូង​ដែល​បញ្ជា​អោយ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​សង​ជម្ងឺ​ចិត្ត​ជនរងគ្រោះ​ពី​ការបង្ខំ​អោយ​ធ្វើការ​​ក្នុងអំឡុង​សម័យ​សង្គ្រាម​ជប៉ុន​និង​ទាមទារ​អោយ​ជប៉ុន​បង្ហាញ​ភស្តុតាង​ចំពោះ​ការចោទប្រកាន់​ថា​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ធ្លាយ​ទៅ​ដល់​កូរ៉េខាងជើង​៕​ដោយ​៖​វាសនា​

បុគ្គលិក​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​ដែល​បុរស​ដុត​សម្លាប់​ខ្លួនឯង​នៅមុខ​ស្ថានទូត​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​