បុរស​ចំណាស់​ម្នាក់​អាយុ​ជាង​៨០​ឆ្នាំ​រើស​អេតចាយ​ចិញ្ចឹម​កូនចៅ​ធ្លាក់ខ្លួន​ឈឺ​បានទទួល​អំណោយ​

651

(​មណ្ឌលគិរី​)​៖នគរបាល​ខេត្តមណ្ឌលគិរី​ទទួលបន្ទុក​ព្រំដែន​។​នគរបាល​វរៈ​កា​ពារ​ព្រំដែន​លេខ​៦២១​កងអនុសេនាធំ​ទី​២​នៃ​វរៈ​កា​ពារ​ព្រំដែន​លេខ​១០៣​និង​អាជ្ញាធរ​ភូមិ​ឃុំ​ព្រមទាំង​សប្បុរសជន​មួយចំនួន​បាន​នាំយក​អំណោយ​ចែកជូន​បុរស​ចំណាស់​ម្នាក់​ជរា​វ័យ​ជាង​៨០​ឆ្នាំ​ដែល​កន្លងមក​រូបគាត់​តែងតែ​ជិះ​កង់​រើស​អេតចាយ​ក្នុងភូមិ​ស្រុក​។​បច្ចុប្បន្ន​បុរស​ចំណាស់​នោះបាន​ធ្លាក់ខ្លួន​ឈឺ​វង្វេង​ដោយ​ទទួល​ក្តី​អាណិតអាសូរ​ពី​សប្បុរសជន​គ្រា​ដែល​លោកតា​មិនអាច​ប្រកប​របរ​រក​ទទួលទាន​បាន​ដូច​មុនៗ​ទៀត​។​

​ការផ្តល់​អំណោយ​នេះ​បាន​ធ្វើឡើង​ពី​សំណាក់​ផ្តួចផ្តើម​ពី​លោក​សាត​ចាន់​បុត្រ​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​ប្រចាំខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​។​អំណោយ​ដល់​មនុស្ស​ចាស់ជរា​នៅ​ភូមិ​ឡា​ប៉ា​ខេ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​មួយ​គ្រួសារ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​ទទួលដំណឹង​ថា​បុរស​ចំណាស់​ឈ្មោះ​ជួន​ជុ​ត​អាយុ​៨៥​ឆ្នាំមាន​មុខរបរ​ជិះ​កង់​រើស​អេតចាយ​នោះបាន​ធ្លាក់ខ្លួន​ឈឺ​និង​ជរា​ភ្លេចភ្លាំង​មិនអាច​រក​ទទួលទាន​បាន​បន្តទៀត​។​

​លោក​ឈៀក​ឈឹង​មេឃុំ​ជំទប់​ទី​១​ឃុំ​ស្រែ​ខ្ទុ​ម​បាន​ថ្លែង​ក្នុងពេលនោះ​ថា​នេះ​ជា​ទឹកចិត្ត​របស់​សប្បុរសជន​និង​កងកម្លាំង​របស់​ខេត្តមណ្ឌលគិរី ដែល​កន្លងមក​តែងតែ​ជួយផ្តល់​នូវ​អំណោយ​ជួយ​ដល់​ចាស់ជរា​អ្នក​គ្មាន​ទីពឹង​ជាដើម​ក្នុង​មូលដ្ឋាន​នេះ​។​លោក​បាន​បន្តថា​ទោះបី​អំណោយ​ទាំងនេះ​មិន​ច្រើន​គ្រប់​តម្រូវការ​រប​ស់បុ​រស​ចំណាស់​នេះ​ក្តី​តែ​វា​ក៏​អាចជួយ​សម្រាល​នូវ​ការលំបាក​របស់គាត់​បា​ន​មួយកម្រិត​ដែរ​។​ចំពោះ​អំណោយ​ដែល​បានទទួល​ពី​កងកម្លាំង​នានា​និង​សប្បុរសជន​នោះ​រួមមានៈ​អង្ករ​,​ទឹកដោះគោឆៅ​,​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​សរុប​៧៦​ម៉ឺន​រៀល​។

​សូមបញ្ជាក់ថា​បុរស​ចំណាស់​ឈ្មោះ​ជួន​ជុ​ត​អាយុ​៨៥​ឆ្នាំមាន​ប្រពន្ធ​អាយុ​៥៥​ឆ្នាំ​កំពុងតែ​រស់នៅក្នុង​កម្រិត​ជីវភាព​ទីទាល់ក្រ​គ្រា​ដែល​បុរស​ចំណាស់​រូបនេះ​មាន​សមត្ថភាព​ត្រឹម​រើស​អេតចាយ​។​ចំណែក​ប្រពន្ធ​ដើរ​ស៊ីឈ្នួល​គេ ថែមទាំង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​និង​ចៅ​ក្នុងបន្ទុក​រហូតដល់​ទៅ​៤​នាក់​។​

បុរស​ជួន ជុ​ត បានឱ្យដឹងថា កន្លងមក​រូបគាត់​អាច​នៅ​ជិះ​កង់​រើស​អេតចាយ​ចិញ្ចឹម​គ្រួសារ​បានតែ​ឥឡូវ​គាត់​ចាស់​ណាស់​ហើយ​និង​ធ្លាក់ខ្លួន​ឈឺ​ទៀត គ្មាន​ណា​ជាទី​ពឹង​អាស្រ័យ​នោះទេ​បណ្តាលឱ្យ​គ្រួសារ​កាន់តែ​លំបាក​បន្ថែមទៀត​។​បុរស​ចំណាស់​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​យ៉ាងខ្លាំង​ផងដែរ ខណៈ​បាន​ចូលរួម​ចែករំលែក​នូវ​ការលំបាក​របស់គាត់​នាពេលនេះ​៕S/​ដោយៈ​សាត​ចាន់​បុត្រ​

​បុរស​ចំណាស់​ម្នាក់​អាយុ​ជាង​៨០​ឆ្នាំ​រើស​អេតចាយ​ចិញ្ចឹម​កូនចៅ​ធ្លាក់ខ្លួន​ឈឺ​បានទទួល​អំណោយ​