បុរស​ជនជាតិ​បរទេស​ម្នាក់​បើក​ម៉ូតូ​ធំ រេ​ចង្កូត​មក​ស្ដាំ​ទៅបុក​ជញ្ជាំង​របង​ឃ្លាំង​សាំង បណ្ដាល​ឲ្យបោក​ក្បាល​បាក់ក​ស្លាប់

438
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យើង​មិនដឹងថា​ស្រវឹង ឬក៏​ងងុយដេក ​ដែល​បុរស​ជនជាតិ​បរទេស​ម្នាក់​បើក​ម៉ូតូ​ធំ រេ​ចង្កូត​មក​ស្ដាំ​ទៅបុកនឹង​ជញ្ជាំង​របង​ថ្ម បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​បើក​ម៉ូតូ​ធំ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤០​នាទី យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទល់មុខ​សួនច្បារ​ឃ្លាំង​សាំង ដែល​ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​ជនរងគ្រោះ​ដែល​ស្លាប់​មិនទាន់​ស្គាល់ឈ្មោះ និង​មិនដឹង​ជា​ជនជាតិ​អ្វី​នៅឡើយ​ទេ​។ បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ដែលជា​ជនជាតិ​បរទេស​បើក​ម៉ូតូ​ធំ​មួយគ្រឿង ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BE 3552 ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់​កន្លែងកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ជញ្ជាំង​របង​អតីត​ឃ្លាំង​សាំង​ឫស្សី​កៃ​វ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ យ៉ាង​អាណោច​អាធ័ម​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ខាងលើ ក៏បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរ​ផ្លូវគោក ដើម្បី​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរផ្លូវគោក ចំណែក​សាកសព​ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​៕ ល​/Ha