បុរស​ជប៉ុន​ម្នាក់​ទីបំផុត​ផលិត​បាន​មនុស្ស​យន្ត​យក្ស​ក្នុង​ក្តី​ស្រមៃ​ពី​កុមារភាព​

1358
ចែករម្លែក

​វិស្វករ​ជប៉ុន​ម្នាក់​បាន​នាំយក​ក្តី​ស្រឡាញ់​សម្រាប់​ភាពយន្ត​បែប​វិទ្យាសាស្ត្រ រឿង Mobile Suit Gundam ទៅដល់​កម្រិត​ថ្មី​អស្ចារ្យ ដោយ​សាងសង់​រ៉ូ​បូត​យក្ស​មួយ ធំ​ប៉ុន​ក្នុង​រឿង​នោះ​តែម្តង​។

​មនុស្ស​យន្ត​យក្ស​ជើង​២​នេះ​មាន​កម្ពស់ ៨,៥ ម៉ែត្រ ទម្ងន់​ជាង ៧ តោន និង បំពាក់​ជាមួយ​កាំភ្លើង​យក្ស​មួយ​នៅ​ដៃ​ខាងស្តាំ ទុក​បាញ់​ប៉េង​ប៉ុង​ក្នុង​ល្បឿន ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​នៅ​ខាងក្នុង​មនុស្ស​យន្ត​នេះ​គឺមាន​កាប៊ីន​មួយ​បំពាក់​ជាមួយ​អេក្រង់​ជាច្រើន និង ដង​ចង្កូត សម្រាប់​អ្នកបញ្ជា​ដើម្បី​គ្រប់គ្រង​ដៃ និង ជើង​របស់​វា​។

​លោក ណា​សា​អាគី ណា​ហ្គូ​ម៉ូ អ្នកបង្កើត​មនុស្ស​យន្ត​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ជា​មនុស្ស​យន្ត​បំផុស​ចេញពី​ភាពយន្ត​គំនូស​ជី​វច​ល ដែល​មនុស្ស​អាច​ជិះ​បាន ខ្ញុំ​គិតថា វា​ជា​មនុស្ស​យន្ត​ធំ​បំផុត​ក្នុង​ពិភពលោក​”​។

​មនុស្ស​យន្ត​ឈ្មោះ LW-Mononofu ត្រូវបាន​អភិវឌ្ឍ​នៅ​រោង​ម៉ាស៊ីន Sakakibara Kikai ដែល​ផលិត​ម៉ាស៊ីន​កសិកម្ម​យន្ត​។

​លោក​ណា​ហ្គូ​ម៉ូ​ក៏​ផលិត​មនុស្ស​យន្ត​តូចៗ​ផ្សេងទៀត​ដែរ​កម្ពស់​ត្រឹម​៣​ទៅ​៤​ម៉ែត្រ មានដូចជា មនុស្ស​យន្ត​ឈ្មោះ Landwalker, Kid’s Walker Cyclops និង MechBoxer​។

​ទោះបី​មាន​មាឌធំ​ហើយ​ខ្ពស់ ប៉ុន្តែ​មនុស្ស​យន្ត LW-Mononofu អាច​ដើរ​បាន​ក្នុង​ល្បឿន ១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។

​បញ្ហា​ធំ​សម្រាប់​មនុស្ស​យន្ត​នេះ​គឺថា វា​មិនអាច​ចាក​ចេញពី​រោង​ម៉ាស៊ីន​បានទេ ព្រោះ​ម្ចាស់​វាស​ង់​ខ្ពស់​ពេក​មិនអាច​ចេញ​តាម​មាត់ទ្វារ​បានឡើយ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​ឈ្មោះ LW-Mononofu