បុរស​ជា​កម្មករសំណង់​ម្នាក់ មិន​ស្រួល​សំងំ​ដេក ហើយ​បាន​ខ្យល់គ​ស្លាប់​

1058
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ជា​កម្មករសំណង់​ម្នាក់ ខណៈដែល​មិន​ស្រួលខ្លួន មិនបាន​ធ្វើ​ការងារ សុខចិត្ត​នៅ​សំងំ​ដេក​ពេញ​មួយថ្ងៃ បែរជា​ប្រះ​ឃើញ​ស្លាប់​ទៅវិញ​ដោយសារ​ខ្យល់គ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​រោង​កម្មករ ការដ្ឋាន​សំណង់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សព​ជនរងគ្រោះ ឈ្មោះ កែម សឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​ក្នុង​រោង ការដ្ឋាន​សំណង់ មាន​ស្រុកកំណើត ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ ។​

​តាម​សម្តី​កម្មករ​ស្នាក់នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ត្អួ​ញ​ប្រាប់​គេឯង​ដែរ​ថា មិន​ស្រួលខ្លួន ហើយ​តាំងពីព្រឹក​មក​ម្លេះ​ជនរងគ្រោះ​មិនបាន​ធ្វើការ​ងារ​ឡើយ នៅ​សំងំ​ដេក​ក្នុង​រោង រីឯ​កម្មករ​ផ្សេងទៀត​ជាប់រវល់​តែ​ការងារ​រៀងខ្លួន រហូតដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ជនរងគ្រោះ​បាន​ក្រោក ងូតទឹក​ម្តង​ហើយ តែ​មិនបាន​ហូបបាយ​ទេ ក៏​ចូលទៅ​ដេក​សម្រាក​វិញ លុះ​រហូតដល់​ព្រលប់​ទៅហើយ នៅតែ​មិនឃើញ​ជនរងគ្រោះ ងើប​ចេញមក​សោះ ទើប​នាំគ្នា​ទៅ​មើល​បែ​ប្រទះឃើញ​ដេកស្លាប់​ទៅវិញ​។​

​ក្រោយពី​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​រោង រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​តែម្តង​។​

​សាកសព​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​កោសល្យ​ពិច័យ​រួច​ឃើញថា ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ រួច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​