បុរស​ជា​កម្មករសំណង់​ម្នាក់ ដាច់​ជណ្តើរយន្ត​សង្កត់ បណ្តាលឱ្យ​ស្លាប់​

203
ចែករម្លែក

ដោយ​: ដោយ​ចាន់តូ​
​ភ្នំពេញ​:
បុរស​ជា​កម្មករសំណង់​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយសារតែ​ដាច់​ជណ្តើរយន្ត​ធ្លាក់​សង្កត់​លើ​នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​នៅក្បែរ​បេនឡាន​ផ្សារ​ថ្មី​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ការដ្ឋាន​សំណង់​អគារ ដែលមាន​ទីតាំង​ក្បែរ​បេនឡាន​ផ្សារ​ថ្មី ផ្លូវ​លេខ ១២០ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

​តាម​ប្រភពព័ត៌មាន​ពីស​ម្ថ​កិច្ច​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ ប៊ូ សុភ​ណ្ឌ អាយុ ៣៩​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​សាំ​ផាន់ ខណ្ឌឫស្សីកែវ និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។ មុនពេល​កើតហេតុ បុរស​ជា​កម្មករសំណង់​រងគ្រោះ រួមទាំង​បុរស​អ្នកធ្វើការ​ជាមួយគ្នា​ម្នាក់ទៀត បាននាំគ្នា​ធ្វើការ​ដោះ​ជណ្តើរយន្ត ក៏​ស្រាប់តែ​ដាច់​ធ្លាក់​សង្កត់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ចំណែកឯ​បុរស​ម្នាក់ទៀត​មិនមាន​រងរបួស​អ្វី​ឡើយ​។​

​ក្រោយពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏បាន​ចុះមក​ធ្វើ​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ប្រគល់​សាកសព​បុរស​ជា​កម្មករសំណង់​រងគ្រោះ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕