បុរស​ដែល​បីកូន​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា បាន​អណ្តែត​ហើយ​

1076
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ប្រទះឃើញ​សព​អណ្តែត​ទឹកជា​បុរស​ម្នាក់ ដែល​បីកូន​លោតទឹក​សម្លាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ត្រូវ​ស្រង់​មកលើ​គោក នៅវេលា​ម៉ោង​៦​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សព​មានឈ្មោះ លី ទៀង ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទឹកអំពៅ នៅផ្ទះ​ជួល​ម្តុំ​ផ្សារ សំ​ហាន សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ មានកូន​ឈ្មោះ ហង្ស លីហ្សា ភេទ​ស្រី អាយុ ៧​ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​ជាមួយ​ឪពុក​។ ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល មាន​ប្តី​ថ្មី​នោះ​មានមុខរ​បរជាក​ម្មកា​រី​នី​រោងចក្រ រស់នៅ​ម្តុំ​ផ្សារ​សិន​ជូ​រី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​សម្តី​ម្តាយ​របស់​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ រូបគាត់​បាន​និយាយ​ទៅ​កូន​ថា បើក​លក់​ទឹកអំពៅ​មិន​ដាច់ កូន​ឈប់​លក់​ទៅ​នៅផ្ទះ​ដាំបាយ​ឲ្យ​កូន​ស៊ី និង​នាំ​កូន​ទៅ​រៀន​ទៅបាន​ហើយ​។ ក្នុង​មួយ​យប់​ទល់​ភ្លឺ កូន​របស់គាត់​បាន​បើកភ្លើង​ចោល​រហូត រូបគាត់​មិន​ចាប់អារម្មណ៍​នោះទេ​។ ទើប​ដល់​ម៉ោង​៥​និង​៣០​នាទី​ព្រឹក រូបគាត់​បាន​ងើប​ពី​ដេក ហើយក៏​ហៅ​កូន​ឲ្យ​បិទទ្វារ​ទៅ​ផ្សារ កូន​របស់គាត់​បាន​ឆ្លើយថា ចាំ​បន្តិច​ទៅនោះ​មួយ​ភ្លេ​ត​សិន ហើយក៏​ដឹក​ដៃ​កូន​ចេញទៅ​បាត់​។​

​តាម​សម្តី​ក្មេងស្រី​បាន​និយាយថា បុរស​ជា​ឪពុក​បាន​និយាយ​កុហកថា នាំមក​ហាត់ប្រាណ តែ​បែរជា​នាំមក​លោតទឹក​ពីលើ​ស្ពាន​ទៅវិញ​។ មកដល់​លើ​ស្ពាន​ជ្រោយចង្វា ក៏​បីកូន​លោត​ចុះទៅ​ក្នុង​ទឹក ពេលនោះ​ក៏មាន​ទូក​នេសាទ​ជនជាតិ​ឥស្លាម បានមក​ស្រង់​ក្មេងស្រី​ឲ្យ​រួចផុតជីវិត តែ​ឪពុក​បាន​លិច​បាត់​ឆឹង​។ មកដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​យប់​ទើប​ប្រទះឃើញ​សាកសព បុរស​ដែល​បីកូន​លោតទឹក​នោះ​អណ្តែត​ឡើង​។​

​បច្ចុប្បន្ន​សាកសព ត្រូវបាន​ម្តា​យមក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕