បុរស​ដែល​ប្រកាស​ធ្លាប់បាន​ដេក​ជាមួយ អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា ចេញមុខ​សុំទោស

783

​គណនី Facebook ឈ្មោះ ឆៃ ណា​តូ ដែល​បាន​បង្ហោះ​ថា ធ្លាប់បាន​ដេក​ជាមួយ​តារាចម្រៀង អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា ធ្វើ​ឲ្យ​សាមីខ្លួន ក៏ដូចជា​មហាជន​ខឹង​ជាខ្លាំង​នោះ ពេលនេះ​បានចេញ​មុខ​សុំទោស​តារាចម្រៀង​ទាំង​២​ហើយ ។ តាមរយៈ​វីដេអូ បុរស​ពោះម៉ាយ​កូន​២​រូបនោះ បញ្ជាក់ថា Facebook របស់ខ្លួន​ត្រូវបាន​ជនអនាមិក Hack ។​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី គណនី Facebook របស់​ម្នាក់​ដែលមាន​ឈ្មោះថា ឆៃ​ណា​តូ បានប្រកាស រួមទាំង​រូបភាព​ថត​ផង​ថា តារាចម្រៀង អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា គឺជា​ស្រី​លួចលាក់​របស់ខ្លួន ហើយ​ខ្លួន​ធ្លាប់បាន​ដេក​ជាមួយ​តារាចម្រៀង​ទាំង​២​នេះ​ជាច្រើនលើក​មកហើយ​។​

​ភ្លាមៗ​បានធ្វើ​ឲ្យ អ៊ី​វ៉ា និង លី អ៊ី​វ៉ា​ធី​ណា រួមទាំង​អ្នកគាំទ្រ ខឹងសម្បារ​ជាខ្លាំង ដោយ​ហួសចិត្ត មិនគួរណា​បុរស​ម្នាក់​ហ្នឹង​ហ៊ាន​ប្រើពាក្យ​ពេចន៍​អសុរោះ ព្រមទាំង​បង្ហោះ​រូប​មួលបង្កាច់​ដូច្នេះ​សោះ​។​

​ពាក់ព័ន្ធ​រូបថត​ដែល​គណនី Facebook ឈ្មោះ ឆៃ​ណា​តូ ថត​ជាមួយ​នាង ហើយ​យកទៅ​បង្ហោះ លី អ៊ី​វ៉ា​ធី​ណា បាន​បញ្ជាក់ថា ជា​រូប​ចាស់​ថត​នៅពេលដែល​នាង​ទៅ​ច្រៀង​ខន​សឺត ហើយ​បុរស​ម្នាក់​នោះមក​សុំ​ថត​ជាមួយ​ខ្លួន​ក្នុងនាម​ជា​អ្នកគាំទ្រ នាង​ក៏​យល់ព្រម​ថត​ជាមួយ ដោយ​មិន​នឹកស្មានថា​មានរឿង​បែបនេះ​កើតឡើង​ឡើយ​។​

​លី អ៊ី​វ៉ា​ធី​ណា ក៏ដូចជា អ៊ី​វ៉ា បានប្រកាសថា ខ្លួន​នឹង​ប្ដឹង​បុរស​ខាងលើ ពីបទ​”​បរិហារកេរ្តិ៍​” ទោះបី​ជាមាន​ការសុំ​អង្វរ​ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆៃ​ណា​តូ មិន​ឲ្យ​ដាក់ពាក្យ​ប្ដឹង​ក្ដី ព្រោះនេះ​ជា​រឿង​កេរ្តិ៍ឈ្មោះ កិត្តិយស មិនមែន​យកមក​លេងសើច​បាន​តា​ម​តែ​នឹកឃើញ​នោះទេ​។​

​ពាក់ព័ន្ធ​ការ​បង្ហោះ​រូប​អម​ជាមួយ​ពាក្យ​បង្កាច់​បង្ខូចឈ្មោះ​តារាចម្រៀង​ទាំង​២​រូប​ខាងលើ គណនី Facebook ឈ្មោះ ឆៃ​ណា​តូ បានធ្វើ​វីដេអូ​បកស្រាយ ដោយ​សុំទោស​ទាំង​ទឹកភ្នែក​ពី​ប្រទេស​ថៃ​ជាទី​ដែល​ខ្លួន​នៅ​ធ្វើជា​កម្មករ​គេ​នៅ​ទីនោះ​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ដូច​ការ​បង្ហោះ​នោះឡើយ គណនី Facebook របស់លោក​ត្រូវបាន ជនអនាមិក Hack ហើយ​កាត់​រូបថត​លោក​ទៅ​ផុស ក្នុងន័យ​ធ្វើបាប​លោក ក៏ដូចជា​តារាចម្រៀង​ទាំង​២​រូប​ខាងលើ​។​

​តាមរយៈ​វីដេអូ លោក ឆៃ​ណា​តូ បានធ្វើ​ការសុំ​អភ័យទោស ទៅលើ​តារាចម្រៀង​ទាំង​២​រូប មេត្តា កុំ​ប្ដឹងផ្ដល់​លោក​ធ្វើ​អ្វី ព្រោះ​ដូច​បានលើកឡើង ខ្លួន​លោក​ផ្ទាល់ មិនបាន​ធ្វើ​ឡើយ​៕​អត្ថ​ប​ទៈ ស៊ុនហួត​/sn​