បុរស​បរទេស​ម្នាក់​ស្លាប់​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប​

1299
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​បរទេស​ម្នា​ក់បាន​ដេកស្លាប់​នៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល សមត្ថកិច្ច​អះអាងថា បណ្តាលមកពី​ស្ទះ សរសៃឈាម​បេះដូង​។

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍ បានអោយដឹងថា សព​បុរស​ខាងលើ​ត្រូវបាន​ប្រទះឃើញ នា​ម៉ោង​ប្រហែល ៤​និង​២០​នាទី​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុង​បន្ទប់​លេខ ២៣១ សណ្ឋាគារ សូ​ហ្វី​តែ​ល ស្ថិតនៅ​ភូមិ មណ្ឌល​២ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។​ជនរងគ្រោះ​ឈ្មោះ CARVALHAL REBELO ANTONIO ភេទ ប្រុស កើត​ឆ្នាំ ១៩៤៥ ជនជាតិ ព័រទុយហ្កាល់ កាន់​លិខិតឆ្លងដែន​លេខ​N៣៦១២៣៦ ជា​ភ្ញៀវ​ទេសចរណ៍​។​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ អ​ប្សា​រ៉ា ស្នាក់នៅ​បន្ទប់​លេខ​២៣១ សណ្ឋាគារ​ខាងលើ​ជាមួយ​ប្រពន្ធ​។​

​ប្រភព​បញ្ជាក់ថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​ស្ទះ​សរសៃឈាម​បេះដូង​។ សាកសព​កំពុង​រៀបចំ​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​ក្រុមគ្រួសារ​៕ ល​