បុរស​ម៉ាលី​ម្នាក់​ក្លាយជា​វីរបុរស ពេល​សង្គ្រោះ​ក្មេង​ក្នុង​ឈុត​ឆាក​ដ៏​គួរ​ស្ញើប​នៅ​អគារ​ខ្ពស់​ក្នុង​ទីក្រុង​ប៉ារីស​

803
ចែករម្លែក

​បុរស​ជនជាតិ​ម៉ាលី​វ័យក្មេង​ម្នាក់​ត្រូវបាន​សាទរ​ជា​វីរបុរស​កាលពី​ថ្ងៃអាទិត្យ​ទី ២៧ ឧសភា បន្ទាប់ពី​គាត់​បានធ្វើ​សកម្មភាព​ជួយសង្គ្រោះ​កុមារ​អាយុ ៤ ឆ្នាំ ដែល​ព្យួរ​ពី​យ៉រ​ជាន់​ទី​៤ និង ចាប់ទាញ​ក្មេងប្រុស​នោះ​ទៅរក​កន្លែង​សុវត្ថិភាព​បានសម្រេច​។​

​ដោយ​មិន​គិតពី​សុវត្ថិភាព​ផ្ទាល់ខ្លួន លោក ម៉ា​មូ​ឌូ ហ្គាស​សា​ម៉ា (Mamoudou Gassama) បាន​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ទៅដល់​កុមារ​នោះ​ក្នុងការ​ជួយសង្គ្រោះ​ដ៏​អស្ចារ្យ​ដែល​ថត​បានជា​វីដេអូ ហើយ​មាន​អ្នក​ចុច​មើល​រាប់លាន​ដង​នៅលើ​បណ្តាញ​សង្គម​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រហែល ៦ ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីស​។​

​វីដេអូ​ថត​នៃ​ការជួយ​សង្គ្រោះ​នេះ បានបង្ហាញ ហ្គាស​សា​ម៉ា អាយុ ២២ ឆ្នាំ​ឡើង​តោង​យ៉រ​ដោយ​ដៃទទេ​របស់គាត់ ខណៈដែល​បុរស​ម្នាក់ទៀត​ឈរ​នៅ​ជាន់​ទី ៤ ព្យាយាម​ទប់​កូនតូច​នោះ ដោយ​ឱន​ចុះ​ពី​យ៉រ​។​

​ពេលទៅដល់​ជាន់​ទី ៤ ហ្គាស​សា​ម៉ា​បានដាក់​ជើង​ម្ខាង​នៅលើ​រានហាល មុនពេល​ឈោង​ដៃ​ខាងស្តាំ​ចាប់ទាញ​ក្មេង​នោះ​ទៅ​កន្លែង​សុវត្ថិភាព​។​

​ពេល​អ្នក​សង្គ្រោះ​មកដល់ គឺ​ឃើញ​ក្មេង​មាន​សុវត្ថិភាព​រួចទៅហើយ​៕ ដោយ៖ កញ្ញាដាលីស

ហ្គាស​សា​ម៉ា ក្លាយជា​វីរបុរស​សង្គ្រោះ​ក្មេង​នៅ​ប៉ារីស