បុរស​ម្នាក់​ក្រោយ​សម្រាក​ពី​ធ្វើការ​​ឆ្លៀត​រត់​ម៉ូតូឌុប ​ត្រូវ​ចោរប្លន់​វាយ​សម្លាប់​យ៉ាង​អាណោច​អា​ធ័​ម​

281
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ​៖​សព​បុរស​ម្នាក់​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ដេកស្លាប់​កណ្តាលផ្លូវ​លំ​មួយកន្លែង​ស្ថិតនៅ​ភូមិ​ខ្វិត ​សង្កាត់​សាក់​សំពៅ​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ កាលពីវេលា​ម៉ោង​ប្រហែល​១០​យប់​ ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩ ។


សព​បុរស​ខាងលើនេះ​មានឈ្មោះ មែក ភី​ន អាយុ ២៨​ឆ្នាំ មុខរបរ​ជាងឈើ​និង​ជាង​កញ្ចក់ ស្នាក់នៅ​ម្តុំ​ផ្សារ​ស៊ិន​ជូ​រី សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​
​មាន​ស្រុកកំណើត​នៅ​ភូមិ​សំ​ភ្លី ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​ប្រភព​ព័​ត៌​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​អ្នកភូមិ​នៅ​ទី​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​មាន​ឮ​សំឡេង​ជនរងគ្រោះ​ស្រែក​ជួយ​ផងៗ​ជា​ច្រើនដង ​តែដោយសា​រយប់​ស្ងាត់​ពេក ​ផ្គួប​ផ្សំ​តំបន់​នេះ​ដាច់ស្រយាល​ពី​ផ្ទះ​អ្នកភូមិផង​នោះ ​ទើប​គ្មាន​ន​រណា​ចេញ​មកជួយ ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានឱកាស​វាយ​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​បានសម្រេច​ហើយ​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ប្រភពពី​ក្រុម​សាច់ញាតិ​ជនរងគ្រោះ​បាន​រៀប​រាប់ទាំង​ខ្លោចចិត្ត​អាណិត​ស្ទើរ​តែ​ទប់ទឹក​ភ្នែក​មិន​ចង់បាន ​បង្ហើប​ឲ្យ​ដឹងថា ​ជនរងគ្រោះ​និង​ប្រពន្ធ​ចេញពី​ស្រុកកំណើត​មក​ប្រកបមុខរបរ​ជាជាង​ឈើ​និង​ជាង​កញ្ចក់​ ចំណែក​ប្រពន្ធ​ធ្វើជា​កម្មករ​រោងចក្រ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ម្តុំ​ផ្សារ​ស៊ិន​ជូ​រី​ ដោយ​ប្រពន្ធ​មាន ​ផ្ទៃពោះ​​៧​ខែ​ ទើប​ជនរងគ្រោះ​ឆ្លៀតពេល​រត់​ម៉ូតូឌុប​ដើម្បី​ស​ន្សំលុយ​ទុក​សម្រាប់​ឲ្យ​ប្រពន្ធ​សម្រាលកូន ​មិន​នឹកស្មានថា​ជនរងគ្រោះ​ជួប​រឿង​អកុសល​បែបនេះ​សោះ​។​
​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​


​ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​រួម​និង​កម្លាំង​អាវុធហត្ថ​កំពុងបើក​ការស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​នៅពេល​ក្រោយ​៕​/Ha