បុរស​ម្នាក់​ចាក់​សម្លាប់​ក្មេង​សិស្សសាលា​៧​នាក់​និង​របួស​១២​នាក់​នៅ​ចិន​

714
ចែករម្លែក
  • 52
    Shares

​បុរស​ប្រដាប់​ដោយ​កាំបិត​ជាមួយនឹង​គំនុំ​បានសម្លាប់​ក្មេង​សិស្សសាលា​៧​នាក់​និង​បង្ក​របួស​១២​នាក់​ទៀត ខណៈ​ពួកគេ​វិល​មក​ផ្ទះ​នៅ​ចិន​ខាងកើត​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មេសា ។​

​ជនសង្ស័យ​អាយុ​២៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​និង​ក្មេង​រងរបួស​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល នេះ​បើ​តាម​ការអះអាង​របស់​ការិយាល័យ​សន្តិសុខ​សាធារណៈ​ខណ្ឌ​Mizhi County ក្នុង​ខេត្ត​សាអាន់​ស៊ី​។​

​ការិយាល័យ​ដដែល​បានអោយដឹងថា ក្មេងប្រុស​២​នាក់​និង​ក្មេងស្រី​៥​នាក់​ត្រូវបាន​សម្លាប់​។​ក្មេងស្រី​៩​នាក់​និង​ក្មេងប្រុស​៣​នាក់​ទៀត​រងរបួស​ហើយ​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​៦:១០ ល្ងាច​។​បុរស​ឈ្មោះ​ហ្សា​វ មកពី​ភូមិ​មួយ​ក្នុង​ខណ្ឌ​Mizhi County​ត្រូវបាន​ចាប់ខ្លួន​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ត្រូវ​បាន​សម្លុត​រករឿង​ពេល​ទៅ​រៀន​នៅ​សាលា​Number Three Middle School កាលពី​ក្មេង ជាហេតុ​នាំ​អោយ​កើតមាន​សំអប់​និង​គំនុំ​ជាមួយ​សិស្ស​រួម​ថ្នាក់​ហើយ​បាន​សំរេច​ប្រើ​កាំបិត​សម្លាប់​មនុស្ស​កាលពី​ថ្ងៃ​សុក្រ​។​

​ការវាយប្រហារ​ដោយ​កាំបិត​កើតមាន​ជារឿយៗ​នៅក្នុង​ប្រទេស​ចិន​។​កាលពី​ខែ​កុម្ភៈ បុរស​ប្រដាប់​ដោយ​កាំបិត​ម្នាក់​បាន​សម្លាប់​ស្ត្រី​ម្នាក់​និង​បង្ក​របួស​១២​នាក់​ទៀត​ក្នុង​ការវាយប្រហារ​មួយ​នៅ​ហាង​លក់ដូរ​មួយ​ក្នុង​ក្រុង​ប៉េកាំង​។​

​កាលពី​ខែ​ឧសភា​ឆ្នាំមុន បុរស​ដែល​គេ​ជឿ​ថា​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត បាន​សម្លាប់​មនុស្ស​២​នាក់​និង​បង្ក​របួស​១៨​នាក់​នៅ​ខេត្ត​ហ្គី​ហ្សូ​និង​កាលពី​ខែ​កក្កដា​ឆ្នាំ​ដដែល បុរស​ម្នាក់​បាន​កាន់​កាំបិត​សម្លាប់​មនុស្ស​២​នាក់​និង​បង្ក​របួស​៩​នាក់​នៅក្នុង​ផ្សារ​មួយ​ក្នុង​ក្រុង​សេន​ហ្សេ​ន​៕​ដោយ​៖​វាសនា​