បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ស្លាប់​ភ្លាមៗ​

643
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​អ្នកជិះ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ បុក​ហើយ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។ ករណី​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៩០-១៩១ ស្ថិតនៅ​ភូមិ​ព្រៃនប់​១ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​រវាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ ភ្នំពេញ 3D 6618 អ្នកបើកបរ​គេចខ្លួន​ទិសដៅ​ទៅ​ភ្នំពេញ បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1E 1204 ទិសដៅ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ដា​ញ់ រ៉ូ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។

​បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕ ល​