បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ខ្ទាតចូល​រថយន្ត​កិន​ស្លាប់​

585
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ជា​អនិកជន​ខ្មែរ​ម្នាក់ រស់នៅ​សហរដ្ឋ​អា​ម៉េ​រិ ត្រូវបាន​រថយន្ត​ធុន​ធំ​កិន​ស្លាប់​គៀប​ជាប់​ក្រោម​កង់​រថយន្ត គួរ​ឲ្យ​រន្ធត់ និង​ម្នាក់ទៀត​របួសស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​បង្គោល​ភ្លើង​នៅ​កណ្ដាលផ្លូវ ហើយ​ដួល​ចូល​កង់​រថយន្ត​តែម្តង​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ដ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​ឈ្មោះ សាន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អនិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាម៉េរិក មកលេង​នៅ​កម្ពុជា ជាង​២​ខែ​មកហើយ ដោយ​ស្នាក់​នៅផ្ទះ​បងប្អូន ក្នុង​បុរី​ពិភពថ្មី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក ឃ្លី​ក ពណ៌​ទឹកក្រូច លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-4320​។ ចំណែក​រថយន្ត ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-0179 ដឹក​បង្គោល​ភ្លើង បើកបរ​ដោយ​ឈ្មោះ មិញ រស្មី ភេទ​បរុស អាយុ​១៩​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ ភូមិ​ចេក​ស្រទន់ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ភ្លាមៗ​ត្រូវបាន​សមត្ថកិច្ច​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ រួច​សាកសព​ត្រូវបាន ប្រគល់ជូន​ក្រុមគ្រួសារ បងប្អូន ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​និង​ម៉ូតូ រួមទាំង​អ្នកបើកបរ​រថយន្ត​ផង ត្រូវបាន​ប្រគល់​ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​តាម​នីតិវិធី​៕